ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ២ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប កើនឡើងជាង ២១,៧១% បើធៀបនឹងឆ្នាំ២០១៩។
ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០លោករដ្ឋមន្រ្តីបានលើកឡើងថា ទោះបីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងរយៈពេលថ្មីៗនេះ បានជួបប្រទះនូវបញ្ហាមួយចំនួនក៏ដោយ តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ សហភាពអឺរ៉ុប ដែលជានិច្ចជាកាល តែងតែផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ដែលសហភាពអឺរ៉ុបនៅតែបន្តគាំទ្រ ដូចជាក្នុងអនុវិស័យជលផល ដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយ ហិរញ្ញប្បទានជាង ១៤០លានអឺរ៉ូ ដើម្បីលើកកម្ពស់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។
លោករដ្ឋមន្រ្តីបញ្ជាក់ថា “គួរឲ្យកត់សម្គាល់ផងដែរ ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប នៅតែបន្តមានការកើនឡើង គួរជាទីមោទនៈផងដែរ ដោយក្នុងរយៈពេល០២ខែ ដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ គឺមានការកើនឡើងជាង ២១,៧១%។ ទិន្នផលសរុបសម្រាប់រយៈពេល០២ខែ ដើមឆ្នាំនេះ គឺបាននាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុបបានជាង ៤១,៣ពាន់តោន និងបន្លែបានប្រមាណជា ៣៤,៥តោនផងដែរ។”
ក្នុងឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន និងកន្លងមក។ ហើយលោកស្រីក៏បានថ្លែងអំណរគុណ ដល់លោក វេង សាខុន និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែ ផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ដល់ក្រុមការងារនៃសហភាពអឺរ៉ុប រួមគ្នាសម្រេចបានសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងអស់នេះ ហើយបាននិងកំពុងជួយ ឲ្យវិស័យកសិកម្ម មានការរីកចម្រើន ជាបន្តបន្ទាប់ ហើយបានចាត់ទុកជាវិស័យមួយ ដ៏សំខាន់ក្នុងការទ្រទ្រង់កំណើន សេដ្ឋកិច្ចរបស់កម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានឯកភាពចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី ពិសេសលើការជំរុញ ទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម លើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួចជាមួយការប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គឺត្រូវបានចាត់ទុកជាអាទិភាពក្នុងផែនការយុទ្ធសាស្ត្រថ្មីសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម។ ដូច្នេះ លោកស្រី ជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសហការ ជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី និងគម្រោងឆ្លើយតប ទៅនឹងផែនការ យុទ្ធសាស្ត្រថ្មីនេះ៕ដោយ៖ បាន ធារ៉ូ