បរទេស៖ យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងសន្តិសុខពិភពលោក ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់ Reuters ដែលបានរកឃើញថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk កំពុងសាងសង់ផ្កាយរណបចារកម្មរាប់រយសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អង្គភាព Starshield របស់ SpaceX កំពុងអភិវឌ្ឍបណ្តាញផ្កាយរណបក្រោមកិច្ចសន្យាតម្លៃ ១,៨ ពាន់លានដុល្លារជាមួយការិយាល័យស្រាវជ្រាវជាតិ (NRO) ។ Reuters បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពចំនួនប្រាំដែលស្គាល់ពីកម្មវិធីនេះ។
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា កម្មវិធី SpaceX បានលាតត្រដាង “ភាពអៀនខ្មាស និងស្តង់ដារទ្វេរដង” របស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិនថា បានគំរាមកំហែងសន្តិសុខសហរដ្ឋអាមេរិក។
Junzhengping ដែលជាគណនីមួយដំណើរការដោយ PLA បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo កាលពីថ្ងៃអាទិត្យថា “យើងជំរុញឱ្យក្រុមហ៊ុនអាមេរិកកុំជួយមនុស្សអាក្រក់ធ្វើអំពើអាក្រក់” ។ គណនីនេះមានអ្នកតាមដាន ១,១ លាននាក់។
សារបង្ហោះបាននិយាយថា “ប្រទេសទាំងអស់នៅទូទាំងពិភពលោកគួរតែមានការប្រុងប្រយ័ត្ន និងការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី និងកាន់តែធំដែលបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក”។
លោក Wang Yanan ដែលជានិពន្ធនាយកនៃ Aerospace Knowledge ដែលជាទស្សនាវដ្តីដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តកំពុងកាន់អំណាច ត្រូវបានដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍មួយដោយនិយាយថា គម្រោងផ្កាយរណប SpaceX បង្កបញ្ហាប្រឈមចំពោះសន្តិសុខ និងស្ថិរភាពពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា