ព័ត៌មានជាតិ

គ្រប់តួអង្គក្នុងវិស័យព័ត៌មាន​ ត្រូវបង្កើនកិច្ចសហការល្អនិងស្មោះត្រង់​ ជាមួយក្រសួង-ស្ថាប័នសមត្ថកិច្ច​ ដើម្បីវិស័យព័ត៌មានកាន់តែរីកចម្រើន

ភ្នំពេញ៖​ លោក ទេព អស្នារិទ្ធ​ អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានលេីកឡេីងថា តួអង្គទាំងអស់​ ក្នុងវិស័យព័ត៌មានសុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រ​ ដល់ការអភិវឌ្ឍវិស័យនេះ។ ការយកចិត្តទុកដាក់​ ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មាន​ ពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីចូលរួមលើកស្ទួយអាជីព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន។

ទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍សកម្មភាពដែលបានរៀបចំឡើង គ្រាន់ជាផ្នែកមួយក្នុងការកត់ត្រា​ នូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលមួយ​ សម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានសុីជម្រៅបន្ថែមទៀត​ លើហេតុការណ៍ទាំងនោះ ដោយត្រូវពិនិត្យនិងធានាថា​ មានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និងដំណោះស្រាយណាមួយ។ 

ជាការពិតណាស់ កិច្ចការនេះចាំបាច់ទាមទារឱ្យមានការចូលរួមសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ពីបណ្តាតួអង្គពាក់ព័ន្ធ មានអ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត ចាំបាច់ដល់ដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ដើម្បីធានាសុក្រឹតភាពព័ត៌មាន និងធាតុចូលគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់តួអង្គទាំងអស់ សំដៅរួមចំណែកគាំទ្រដល់គោលបំណងរួមគឺ៖ ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។

ក្នុងនោះ​ លោក ទេព អស្នារិទ្ធ​ បានលេីកឡេីងថា​ “ខ្ញុំសូមលើកទឹកចិត្តដល់អង្គភាព ឬសមាគមទាំងអស់ឱ្យចូលរួមសហការផ្តល់ព័ត៌មានអំពីស្ថានភាព ក៏ដូចជារបាយការណ៍ដែលខ្លួនបានរៀបចំ ដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាតួអង្គចាំបាច់ក្នុងដំណើរការការងារប្រកបដោយវិជ្ជាជីវៈនិងភាពស្មោះត្រង់ ដើម្បីឈានទៅសម្រេចនូវគោលបំណងរួមខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា”។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ នៅនិងពីគ្រប់ទិសទីទូទាំងប្រទេស។ អ្នកសារព័ត៌មានចំនួនប្រមាណមួយមុឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ចំនួនជាងពីរពាន់ បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។

លោក ទេព អស្នារិទ្ធ ក៏បានលេីកឡេីងដែរថា​ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣ ក្រសួងបានលុបប្រកាសអនុញ្ញាត​ ប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មាន ចំនួន ៦ អង្គភាព និងចំនួន ១ អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរ​ លើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្ម​ របស់អ្នកសារព័ត៌មានយើងទាំងអស់នេះ ពិតជាបានចូលរួម​ លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានបញ្ជាក់ថា៖ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហា​ ខណៈបំពេញភារកិច្ច​ តាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវនិងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក ។

ទាំងនេះជាទិដ្ឋភាពរួម​ បានបង្ហាញឲ្យឃើញ​យ៉ាងច្បាស់​ អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយសណ្តាប់ធ្នាប់ មានលក្ខណៈចម្រុះនិងសំបូរបែប ក្នុងការផ្សព្វផ្សាយពីស្ថានភាពពិតនៅក្នុងសង្គម និងការពិតនៃកម្ពុជាឱ្យបានដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ 

វឌ្ឍនភាពទាំងនេះ​ ត្រូវបានឆ្លុះបញ្ចាំង​ ឱ្យឃើញច្បាស់ពីភាពដឹកនាំដ៏ឆ្លាតវៃ ត្រឹមត្រូវ និងប្រកបដោយថាមពលរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតាមមាគ៌ាដឹកនាំប្រកបដោយបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដា្ឋភិបាលកម្ពុជា ដែលបាននាំមកនូវកំណើន និងការរីកចម្រើនឥតឈប់ឈរពីមួយអាណត្តិទៅមួយអាណត្តិ។

ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបាន​ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើង។

ជាថ្មីម្តងទៀត យើងសូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្ម​ ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈ​ អាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួន​ ជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព​ និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ​ ក្នុង​ការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ។

ជាងនេះទៅទៀត លោក ទេព អស្នារិទ្ធ​ គូសបញ្ជាក់ថា​ អ្នកសារព័ត៌មានត្រូវកសាង​ និង​ថែរក្សាទំនាក់ទំនងល្អ​ ជាមួយតួអង្គផ្សេងៗ ដែលជាប្រភពព័ត៌មា​ នក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន គ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន៕

To Top