ព័ត៌មានអន្តរជាតិ

បារាំង សន្យាផ្តល់រថពាសដែក រាប់រយគ្រឿងដល់អ៊ុយក្រែន

RT News

បរទេស៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសថា ទីក្រុងប៉ារីសនឹងផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវមីស៊ីលចេញពីដីទៅអាកាស និងរថពាសដែករាប់រយគ្រឿង ដែលពីមុនត្រូវបានប្រើប្រាស់ ដោយកងកម្លាំងបារាំង។ ការចែកចាយគ្រោងនឹងចាប់ផ្តើមនៅដើមរដូវក្តៅនេះ និងបន្តក្នុងរយៈពេលពីរឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន La Tribune Dimanche កាលពីថ្ងៃអាទិត្យ លោក Lecornu បាននិយាយថា លោកត្រូវបានណែនាំ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ឱ្យបង្កើត “កញ្ចប់ជំនួយថ្មី” ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងគៀវ ប្រឆាំងនឹងរុស្ស៊ី។ លោកបានកត់សម្គាល់ថា បរិមាណនេះនឹងរួមបញ្ចូលឧបករណ៍ ដែលពីមុនត្រូវបានប្រើប្រាស់ដោយកងទ័ពបារាំង ប៉ុន្តែ “នៅតែមានមុខងារ” ក៏ដូចជា “ក្រុមថ្មីនៃកាំជ្រួច Aster 30” ដែលត្រូវបានរចនាឡើងដើម្បី ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចធ្វើដំណើរក្នុងរយៈចម្ងាយ ១២០ គីឡូម៉ែត្រ។

លោករដ្ឋមន្ត្រីបានពន្យល់ថា “ដើម្បីរក្សាជួរមុខដ៏វែងបែបនេះ កងទ័ពអ៊ុយក្រែនត្រូវការជាឧទាហរណ៍ រថពាសដែករបស់យើង – នេះគឺជាគន្លឹះយ៉ាងពិតប្រាកដសម្រាប់ការចល័តទ័ព និងជាផ្នែកនៃសំណើរបស់អ៊ុយក្រែន” ។

លោកបានបន្ថែមថា “យើងកំពុងនិយាយរាប់រយសម្រាប់ឆ្នាំ២០២៤ និងដើមឆ្នាំ ២០២៥” លោកបានបន្ថែមនៅពេលត្រូវបានសួរអំពីបរិមាណ និងពេលវេលាដែលបានលើកឡើងបន្ថែមទៀតថា លោកបានស្នើសុំទីភ្នាក់ងារលទ្ធកម្ម ការពារជាតិរបស់រដ្ឋាភិបាលដើម្បី ពន្លឿនការផលិតកាំជ្រួច Aster។

បច្ចុប្បន្ន យោធាបារាំងកំពុងស្វែងរក ការជំនួសរថយន្តប្រយុទ្ធ VAB (Véhicule de l’Avant Blindé) រាប់ពាន់គ្រឿង ដែលបានចូលបម្រើ សេវាកម្មជាលើកដំបូងកាលពី ៤៥ ឆ្នាំមុន ជាមួយនឹងប្រភេទ APCs ថ្មី៕

ប្រែសម្រួលៈ ណៃ តុលា

To Top