ព័ត៌មានអន្តរជាតិ

ចិន បញ្ជូនត្រឡប់មកឱ្យវៀតណាមវិញ នូវផ្លែទុរេនជាច្រើនតោន ដោយសារតែមានផ្ទុកសារធាតុគីមី កាមីញ៉ូម

VN Express

បរទេស៖ យោងតាមនាយកដ្ឋានការពាររុក្ខជាតិបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនត្រឡប់មកវិញ នូវការដឹកជញ្ជូនទុរេនចំនួន ៣០ ដែលលើកឡើងពីការបំពុលដោយសារធាតុ កាមីញ៉ូម (cadmium) ចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្តើមការនាំចេញផ្លែឈើ ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា វាតំណាងឱ្យ 0.01% នៃការនាំចេញទុរេនក្នុងអំឡុងពេលនោះ។

លោកបន្តថា នេះមិនបានប៉ះពាល់ដល់ ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរដល់អ្នកផលិត។ លោកបន្តថា នាយកដ្ឋាននៅមិនទាន់កំណត់ អត្តសញ្ញាណប្រភពនៃសារធាតុកាមីញ៉ូម ដែលអាចជាដី ទឹក ឬការបំភាយឧស្ម័នចេញពីរោងចក្រក្បែរនោះ ដោយលោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើ សម្រាប់លាងសម្អាតផលិតផលផងដែរ។

ខណៈពេលដែលមន្ត្រីកំពុងធ្វើការ ដើម្បីកំណត់ប្រភពនោះ នាយកដ្ឋានបានណែនាំអ្នកផលិតឱ្យ រឹតបន្តឹងការគ្រប់គ្រងលើធាតុចូល និងការអនុវត្តកសិកម្ម ហើយពិនិត្យកម្រិតជាតិកាដមីញ៉ូម ឱ្យបានហ្មត់ចត់មុនពេលដឹកជញ្ជូន។

សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានទទួលស្គាល់ថា ប្រទេសចិនបានចេញការព្រមាន ជាច្រើនអំពីការចម្លងសារធាតុ កាមីញ៉ូម នៅក្នុងផ្លែទុរេនវៀតណាម ប៉ុន្តែការប្រកាសអាសន្នចុងក្រោយនេះ កាន់តែមានសម្ពាធកាន់តែខ្លាំង។

ក្នុងឆ្នាំ ២០២៣ ប្រទេសចិនបាននាំចូលទុរេនចំនួន ៤៩៣.០០០ តោន ក្នុងតម្លៃ ២,១ ពាន់លានដុល្លារពីប្រទេសវៀតណាម កើនឡើង ១,១០៧ភាគរយ និង ១,០៣៦ភាគរយ ក្នុងបរិមាណ និងតម្លៃធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top