នៅថ្ងៃទី៧ ខែមេសា អាមេរិក ជប៉ុន អូស្រ្តាលី បានរួមសហការជាមួយហ្វីលីពីន ធ្វើការសមយុទ្ធរួម លើសមុទ្រជាលើកដំបូង ។ ប្រព័ន្ធសារព័ត៌មានហ្វីលីពីន បានលើកឡើង យ៉ាងកម្រោលថា ប្រទេសទាំងបួនរួមសហការបង្ហាញកម្លាំងយោធា គោលដៅ គឺចង់ប្រកួតប្រជែងជាមួយចិន ។ នៅថ្ងៃដដែល យុទ្ធភូមិភាគ ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាមានិតចិន បានរៀបចំការយាមល្បាត លើដែនសមុទ្រ និងអាកាសនៅលំហសមុទ្រចិន ខាងត្បូង ។ រាល់សកម្មភាពយោធា ទាំងអស់ ដែលប៉ុនប៉ងចូលមកកកូរកកាយ ស្ថានការណ៍នៅសមុទ្រចិន ខាងត្បូង និងបង្ករឿងហេតុ កងកម្លាំងយោធាចិន សុទ្ធតែក្ដាប់ជាប់ទាំងអស់ ។
តាំងពីឆ្នាំមុនមក ហ្វីលីពីនបានបង្ករឿង ជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដោយបានបំពានចូលលំហសមុទ្រនៅក្បែរកោះ Huang Yan និងថ្មប៉ប្រះទឹកRen’ai ជាច្រើនលើក ។ ពីកោះ Huang Yan ដល់ថ្មប៉ប្រះទឹកRen’ai ពីថ្មប៉ប្រះទឹក Tie Xian ដល់ថ្មប៉ប្រះទឹក Hou Teng តើគោលបំណងរបស់ហ្វីលីពីនដែលបានបង្ករឿងនៅលំហជាច្រើននៃសមុទ្រចិន ខាងត្បូងគឺជាអ្វី ? អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនចង់បង្កអ្វីដែលហៅថា “បញ្ហាពិបាក” តាមរយៈការបង្ករឿងឥត ឈប់ឈរ ប៉ុនប៉ងផ្សព្វផ្សាយបំផ្លើស បញ្ហាពិភាក្សាអំពីសមុទ្រចិនខាងត្បូង ជាបន្តបន្ទាប់ និងធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធរ ។
ហ្វីលីពីននិយាយ បានតែមាត់ថាចង់ស្វែងរកសន្តិភាពក្នុងតំបន់ ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ខ្លួនគឺបង្កការប៉ះទង្គិចបដិបក្ខគ្នា ។ មូលហេតុសំខាន់ នៅពីក្រោយ គឺការញុះញង់និងការគាំទ្រពីកម្លាំងខាងក្រៅដូចជាអាមេរិកជាដើម ។ អ្នកវិភាគបានលើកឡើងថា លើវិស័យយោធានិងសន្តិសុខ ហ្វីលីពីនពឹងផ្អែកប្រទេសធំនៅខាងក្រៅយ៉ាងខ្លាំង ប្រទេសធំទាំងនេះក៏បានក្តាប់ជាប់ហ្វីលីពីនយ៉ាងជិតដិត តាមរយៈការផ្តល់ជំនួយ ធ្វើការសមយុទ្ធរួម និងការយាមល្បាតរួម តាមសមុទ្រជាដើម ។ គោលនយោបាយអំពីសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន បាននិងកំពុងក្លាយជាឧបករណ៍ រក្សាអនុត្តរភាពរបស់អាមេរិក សម្រាប់គាបសង្កត់ប្រទេសចិនទៅហើយ ។
លោក Marcos ប្រធានាធីបតី ហ្វីលីពីនធ្លាប់អះអាងថា មិត្តនៅតំបន់ខាងក្រៅបាន “លើកឡើងដោយម្ចាស់ការថា ចង់ជួយយើង និងបំពេញតម្រូវការ របស់ហ្វីលីពីន ” ។ ទាក់ទិននឹងសុន្ទរកថា គួរឱ្យអស់សំណើចបែបនេះ អ្នកវិភាគបាននិយាយផ្គើនថា ហ្វីលីពីនមិនមែនជាស្រីស្អាត ដែលមានមន្ត ស្នេហ៍ម្នាក់ទេ ប្រទេសលោកខាងលិចទាំងនេះ មកសហការគ្នាពីទីឆ្ងាយ ក៏មិនមែនស្វែងរកចំណងមិត្តភាព និងក្តីស្រឡាញ់ជាមួយហ្វីលីពីនដែរ ។
តាំងពីខែមេសាឆ្នាំនេះមក មេដឹកនាំរបស់ប្រទេស អាស៊ាន បាននាំគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។ ទស្សនកិច្ចយ៉ាងញឹកញាប់ របស់ប្រទេសអាស៊ាន ជានិមិត្តសញ្ញាយ៉ាងពិតប្រាកដ ដែលបង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងចិននិងអាស៊ានមានភាពកាន់តែជិតស្និទ្ធ ។ អ្នកវិភាគបានលើកឡើងថា ចំណាប់អារម្មណ៍មេត្រីភាពរបស់ប្រទេសអាស៊ាន ចំពោះអាមេរិក បានធ្លាក់ចុះ មូលហេតុគឺដោយមកពីពួក គេបានចាប់អារម្មណ៍ដល់ថា នៅពីក្រោយហ្វីលីពីនដែលតែងតែបង្ករឿង ដោយគ្មានហេតុផល គឺការញុះញង់និងការបញ្ជាពីក្រោយរបស់ “មិត្តស្អាតៗ” ដូចជាអាមេរិកជាដើម ។ រីឯទង្វើប្រកបដោយភាពនឹងនរនិងរឹងមាំរបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ទើបជាទង្វើដែលគាំពារសន្តិភាពក្នុងតំបន់ ហើយក៏សមស្របនឹងផលប្រយោជន៍ នៃបណ្តាប្រទេសនានាផងដែរ ។
ដូច្នេះ អ្នកផងទាំង ពួងបានមើល ឃើញឈុតឆាក ដ៏ប្រេះស្រាំបែបនេះ ពោលគឺ មួយផ្នែកប្រទេសអាស៊ាន ភាគច្រើនខិតខំប្រឹងប្រែង គាំពារសុខសន្តិភាព ក្នុងតំបន់ ក្នុងន័យជំរុញកិច្ច សហប្រតិបតិ្តការក្នុងតំបន់និងសមាហរណកម្មផ្នែកសេដ្ឋកិច្ច មួយផ្នែកទៀត ក្រោមការញុះញង់និងការទ្រទ្រង់ ពីប្រទេសធំ នៅតំបន់ខាងក្រៅ ហ្វីលីពីនសុខ ចិត្តធ្វើជាកូនអុក បង្ករឿងនិង ធ្វើឱ្យស្ថានការណ៍ សមុទ្រចិនខាងត្បូងមានភាពច្របូកច្របល់ ក៏ដូចជាធ្វើផ្ទុយនឹង គោលបំណង រួមរបស់តំបន់ទាំងមូលផងដែរ ។
សូមបញ្ជាក់ថា ហ្វីលីពីនជាសមាជិក នៃប្រទេសអាស៊ី ជាសមាជិកនៃសមាគមអាស៊ាន ។ ដូច្នេះ ហ្វីលីពីនពិតជាត្រូវត្រឡប់ទៅគ្រួសារធំ នៅតំបន់អាស៊ីអាគ្នេយ៍ ជាមិនខាន ពោលគឺត្រូវដើរតាមចរន្តប្រវតិ្តសាស្ត្រ ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ ក៏ដូចជាគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕
អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន