ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានប្រតិកម្មចំពោះការចុះផ្សាយ របស់វិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម ដែលបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ អាចជួយសម្រួលឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ។
ការចេញមកប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានដកស្រង់អត្ថបទរបស់សារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) នៃប្រទេសសិង្ហបុរី ចុះផ្សាយកាលពីថ្ងៃទី០៦ ខែមេសា ដោយលើកឡើង ពីកង្វល់របស់វៀតណាមដែលសន្និដ្ឋានដោយអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កផលប៉ះពាល់ខ្លាំងក្លា ដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល ស្របពេលដែលចិន កំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនៅកម្ពុជាស្រាប់។ រ។
ឆ្លើយតបទៅនឹងក្រុមអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម លោក សយ សុភាព បានហៅថា ក្រុមអ្នកស្រាវជ្រាវទាំងនោះថាឆ្កួត ឬនិយាយតាមបង្គាប់បញ្ជា។
លោក សយ សុភាព បន្ថែមថា ពួកគេធ្លាប់ចោទមេដឹកនាំឡាវ ថាជាជនក្បត់ជាតិ នៅពេលឡាវមានគំរោងសាងសង់ផ្លូវរថភ្លើងពី គន់ មីន ប្រទេសចិន ដល់ផ្លូវរថភ្លើងសាងសង់រួច វៀតណាម ទេជាអ្នកចំនេញច្រើន ដោយដឹកទំនិញទៅចិន។ វាករណីដូចគ្នានឹងព្រែកជីកហ្វូណនតេជោ សែន ដែរ។
លោកគួសបញ្ជាក់ថា «នេះជាសតវត្សន៍ទី២១ ខ្មែរមិនរណបអ្នកណាទេ ហើយអ្នកនោះកុំព្រហើន មកតាំងខ្លួនជាបងធំលើខ្មែរ ល្មមៗបានហើយ»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់សក្តានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច -សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះ នឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមានដូចជា ទី១ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ទី២ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ទី៣ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ទី៤ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ ទី៥ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា និងទី៦ ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕