ព័ត៌មានជាតិ

រយៈពេល៣០ឆ្នាំមកនេះ ប្រព័ន្ធធនាគារ នៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស

ភ្នំពេញ ៖លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា រយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ «៣០ឆ្នាំ នៃការរីកចម្រើន និងមិត្តភាព» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី បានអបអរសាទរ និងកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកសមាគមធនាគារនៅកម្ពុជា ក្នុងការបំពេញមុខងាររបស់ខ្លួន និងសម្រេចបាននូវលទ្ធផលនាពេលនេះ ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា នារយៈពេល ៣០ឆ្នាំកន្លងមក។

លោកស្រីបណ្ឌិត ជា សិរី មានប្រសាសន៍បញ្ជាក់ថា «ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច»។

លោកស្រីបណ្ឌិត ជា សិរី បន្ដថា ទន្ទឹមនឹងនេះ ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារ គឺបានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងនវិនិយោគិន មកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។

នាឱកាសនោះដែរ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា «ក្នុងរយៈពេល៣០ ឆ្នាំកន្លងមកនេះ វិស័យធនាគារបានពើបប្រទះកត្តាប្រឈម និងឧបសគ្គជាច្រើន រួមមាន ៖ វិបត្តិសេដ្ឋកិច្ចនៅអាស៊ី វិបត្តិហិរញ្ញវត្ថុសកល ជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសង្គ្រាម រុស្សី និងអ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងអតិផរណាជាដើម។ ប៉ុន្តែដំណើររបស់យើង គឺពោរពេញទៅដោយភាពជឿជាក់ ភាពរឹងមាំ ក្នុងការចូលរួមចំណែករក្សានូវសិ្ថរភាពនៃប្រព័ន្ធធនាគារ រួមជាមួយនឹងកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនៈ»។

លោក ប្រធានសមាគម បន្ដថា សមិទ្ធផលទាំងអស់នេះ ពិតជាមិនអាចកើតឡើងបាននោះទេ ប្រសិនបើមិនមានគោលនយោបាយត្រឹមត្រូវ កត្តាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល និងការដឹកនាំពីធនាគារជាតិនៃកម្ពុជា ការផ្តល់នូវការទុកចិត្តមកលើប្រព័ន្ធធនាគារពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការចូលរួមជ្រោមជ្រែងពីភាគីពាក់ព័ន្ធទាំងអស់។

សូមរំលឹកថា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃ ផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លានគណនី។ រីឯប្រាក់បញ្ញើ បានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦លានគណនី។ សក្ខីភាពនេះ បានបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០៕

To Top