ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញអមដំណើរគណៈប្រតិភូ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនភាពថ្មីៗ នៃសមិទ្ធផលក្នុងខេត្តបាត់ដំបងនាពេលនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម អភិបាលខេត្តបាត់ដំបង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងអង្គភាព-មន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហេដ្ឋារចនាសម្ព័ន្ធការងារសំខាន់រួមមាន៖ ទី១)ទំនប់មេប្រវែង៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង៤១៤ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទ សំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មី មិនធ្លាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សម្រេចបានប្រមាណ៧៩ភាគរយ ហើយគម្រោងនេះទទួលបាន កម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពេលសាងសង់រួចគម្រោងនេះ នឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាម តំបន់មួយចំនួននៅផ្នែកខាងក្រោម។

សម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរ ដល់ការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការដោះស្រាយបញ្ហាទឹក និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយ ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹក។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ៕

To Top