ព័ត៌មានជាតិ

ក្រសួងចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋបាន ជាង៥លានក្បាលដី ក្នុងចំណោមប្រមាណ ជាង៧លានក្បាលដី (វីដេអូ)

ក្រសួងចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋបាន ជាង៥លានក្បាលដី ក្នុងចំណោមប្រមាណ ជាង៧លានក្បាលដី

ក្រសួងចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋបាន ជាង៥លានក្បាលដី ក្នុងចំណោមប្រមាណ ជាង៧លានក្បាលដីhttps://dap-news.com/national/2020/03/16/41139/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ច័ន្ទ 16 មីនា 2020

ភ្នំពេញ៖ លោក សេង ឡូតអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអះអាងថារហូតមកដល់ពេលនេះ ក្រសួងបានចុះបញ្ជី ក្បាលដីជូនប្រជាពល រដ្ឋបានជាង៥លានក្បាលដី ក្នុងចំណោមក្បាលដី នៅទូទាំងប្រទេស មានជាង៧លានក្បាលដី ហើយក្រសួងនឹងជំរុញបញ្ចប់នៅឆ្នាំ២០២១។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក សេង ឡូត បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ជាង៥លាន៦សែនក្បាលដី ស្មើ៨១ភាគរយធៀបនឹងចំនួនក្បាលដី ដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេស មានប្រមាណជាង៧លានក្បាលដី។

អ្នកនាំពាក្យបានឲ្យដឹងថា ការចុះបញ្ជីក្បាលដី មានលក្ខណៈជាប្រព័ន្ធ( ការចុះទាំងភូមិ ឃុំ សង្កាត់ តែម្តង) នឹងការចុះបញ្ជីដីដាច់ដោយឡែក។ ជាងនេះក៏មានការចុះបញ្ជីដី សហគមន៍ដល់ ជនជាតិភាគតិចផងដែរ។

លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ឲ្យមានការចុះបញ្ជីដី ដល់សហគមន៍ជនជាតិដើមភាគីតិច ដើម្បីផ្តល់កម្មសិទ្ធិ ដល់ជនជាតិដើមភាគតិច ក្នុងការគ្រប់គ្រងថែរក្សាដី ក៏ដូចជាការថែរក្សាប្រពៃណី ជនជាតិដើមភាគតិច»។

ក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាក្យបានអះអាងទៀតថា ការចុះបញ្ជីដីធ្លីនេះមិន មានការគៀបសង្កត់ ឬបង្ខិតបង្ខំ ប្រជាពលរដ្ឋណាមួយនោះទេ។ ការចុះបញ្ជីដីនេះដែរមាន នីតិវិធីជាដំណាក់កាលៗ ដែលបានធ្វើការផ្សព្វផ្សាយច្រើន។

អ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា៖ «មកដល់ពេលនេះយើង បានចុះបញ្ជីដីធ្លីជូនជនជាតិ ដើម្បីភាគីតិចបាន៣០សហគមន៍ ហើយបើនិយាយនៅទ្វីអាស៊ីកម្ពុជា បានចុះបញ្ជីដីធ្លី ជនជាតិដើមភាគីតិចឈានមុខគេ »។

ថ្លែងចំពោះមុខ អ្នកសារព័ត៌មានជាច្រើន ស្ថាប័ននោះដែរ លោក សេង ឡូតបានះអាង ថាក្រសួង ក៏បានចុះបញ្ជីដីធ្លីរបស់រដ្ឋផងដែរ ក្នុងគោលបំណងការពារដីរដ្ឋ ដោយមានទាំង ការចុះបញ្ជី ដើម្បីមានឯកសារ និយាមការច្បាស់លាស់ ជៀសវាងការរំ លោភយកដីរដ្ឋពីជនខិតខូចមួយចំនូន។

លោកបន្ថែមថា ការចុះបញ្ជីដីរដ្ឋនេះ ដើម្បីទុកជាប្រយោជន៍សាធារណៈ សម្រាប់បម្រើការអភិវឌ្ឍន៍ជាតិ ក៏ដូចជាតម្រូវការ ក្នុងក្របខណ្ឌសាធារណៈ ។ តាំងពីរាជរដ្ឋាភិបាល ចេញបទ បញ្ជា០១ ឆ្នាំ២០១២ មកក្រសួងបានធ្វើនិយ័តកម្ម (ធ្វើលិខិតស្របច្បាប់ស្របច្បាប់) ជូនប្រជាពលរដ្ឋស្របច្បាប់ ចំពោះការកាន់កាប់ដីរដ្ឋរួចហើយ ហើយផុតពីថ្ងៃនោះ មកភារៈកិច្ច គឺត្រូវការពារដីរដ្ឋទាំអស់ គ្នាដើម្បីតម្រូវការរបស់ជាតិ ដោយមិនអាចឲ្យមានការទន្ទ្រាន រំលោភយកបានទៀតទេ ។

លោកក៏បានឲ្យដឹងថា ចំពោះដីរដ្ឋដែលធ្វើប័ណ្ណកម្មសិទ្ធិ កាន់កាប់ជូនប្រជាជន មានចំនួន៤០ម៉ឺនគ្រួសារ ដែលមានផ្ទៃដី១លាន២សែនហិកតា ។ ដូច្នេះសម្រាប់ការពារដីរដ្ឋនេះ ក្រសួងបានបង្កើ តគណៈកម្មការនៅតាមរាជធានី ខេត្តទាំងអស់ ដើម្បីគ្រប់គ្រងការពារដីរដ្ឋ ក្នុងការបំណង បញ្ជៀសនូវការទន្ទ្រាន ឬរំលោភសព្វបែបយ៉ាងផងដែរ។

អ្នកនាំពាក្យដដែល ក៏បានឲ្យដឹងថា បើតាមការកំណត់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ដឹកនាំនោះ មានគោលដៅឆ្នាំ២០២៣ ដើម្បីបញ្ចប់ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ប៉ុន្តែដោយសារ មានការមមាញឹកពីមន្ត្រីចង់ឲ្យ ចប់ការចុះបញ្ជីដីធ្លី ជូនប្រជាជននៅទូទាំ ងប្រទេសនៅឆ្នាំ២០២១វិញ ដោយថា ការចុះបញ្ជីដីនេះនឹងធានា ក្នុងការជំរុញការកាន់កាប់ដី និងរួមចំណែកការកាត់បន្ថយវិវាទ។

បើតាមការបញ្ជាក់ ពីអ្នកនាំពាក្យបានឲ្យដឹងថា មកដល់ពេលនេះ មានប្រជាពលរដ្ឋដាក់ពាក្យ ស្នើសុំមកក្រសួង ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី មានជាង១ម៉ឺន ករណី ហើយក្រសួងបានដោះស្រាយ ជាបន្តបន្ទាប់ ដោយនៅសល់ជាង២ពាន់ករណី ប៉ុណ្ណោះ ហើយកំពុងដោះស្រាយបន្តទៀត៕ ដោយ៖ ស សំណាង

To Top