ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ហើយក្រោយបញ្ចប់គម្រោងមួយនេះ រាជធានីភ្នំពេញ នឹងលែងលិចលង់ទៀតហើយ ។
ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ចុះពិនិត្យប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន និងប្រឡាយស្ថានីយ៍បឹងត្របែក នាព្រឹកថ្ងៃ៦ ឧសភានេះ ដើម្បីរិះរកវិធានការរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាន់តែប្រសើរឡើង។
លោក ឃួង ស្រេង លើកឡើងថា ស្ថានីយ៍បូមទឹកបឹងទំពុន ជាស្ថានីយ៍បូមទឹកដែលធំជាងគេក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌ ដូចជា ខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជាថា រាជធានីភ្នំពេញ មានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងប្រឡាយបឹងត្របែក ក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះ រាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែក គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀង ចេញពីរាជធានីភ្នំពេញផងដែរ។
ទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទាំងអស់ ទុកដាក់សំរាមបានត្រឹមត្រូវ ជៀសវាងឲ្យបាន ការបោះចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើឲ្យទឹកមិនអាចហូរបាន។
ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ស្ថានីយបូមទឹកបឹងទំពុន បានបំពាក់ម៉ូទ័របូមទឹកចំនួន ១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន ៣៣ម៉ែត្រគុបក្នុង១វិនាទី ហើយគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន ២គ្រឿងបន្ថែមទៀត។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម ២គ្រឿងនេះរួច ស្ថានីយ៍បូមទឹកបឹងទំពុន នឹងមានសមត្ថភាពបូមទឹកបាន ៤៥ម៉ែត្រគុបក្នុង១វិនាទី។ ចំណែក នៅស្ថានីយ៍បូមទឹកបឹងត្របែកវិញ មានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្តិ ហើយក៏មានគម្រោងពង្រីក និងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។
គួរបញ្ជាក់ទៀតថា នៅភ្នំពេញមានស្ថានីយ៍បូមទឹកទាំង១៤កន្លែង នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយ៍បូមទឹកទាំង១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នា ធ្វើឲ្យរាជធានីភ្នំពេញអស់ក្តីបារម្ភរឿងលិចយូរទៀត ៕