ព័ត៌មានអន្តរជាតិ

លោក Xi បដិសេធមិនគាំទ្រ កិច្ចព្រមព្រៀង សន្តិភាពទាំងឡាយណា ជាឯកតោភាគីឡើយ

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងគាំទ្រដល់សន្និសីទ សន្តិភាពអ៊ុយក្រែនអន្តរជាតិ លុះត្រាតែមានការទទួលស្គាល់ ដោយទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយមានការចូលរួម ស្មើគ្នាពីគ្រប់ភាគីទាំងអស់។

កិច្ចពិភាក្សាដែលស្នើឡើង ដោយប្រទេសស្វីស នាពេលខាងមុខ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៥និង១៦ ខែមិថុនា នៅរមណីយដ្ឋាន Burgenstock ជិត Lucerne ដោយមានការចូលរួម ពីសំណាក់គណៈប្រតិភូជាង ១៦០មកពីជុំវិញពិភពលោក ត្រូវបានអញ្ជើញឱ្យចូលរួម រួមទាំងសមាជិកនៃ G7, G20, BRICS, EU និងផ្សេងៗទៀតប៉ុន្តែ អ្នកការទូតរុស្ស៊ីមិន ស្ថិតក្នុងចំណោមពួកគេទេ ។

លោក Xi ដែលបានជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ បានព្រមានប្រឆាំងនឹងការ លាបពណ៌ចិនជុំវិញជម្លោះអ៊ុយក្រែន ដោយទទូចថាទីក្រុងប៉េកាំង កំពុងដើរតួនាទីជាវិជ្ជមាន ក្នុងការព្យាយាមស្វែង រកដំណោះស្រាយ ដោយសន្តិវិធី ។

លោក Xi បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុង សន្និសីទសារព័ត៌មានរួមមួយថា​ ៖ចិនប្រឆាំងនឹងការប្រើប្រាស់វិបត្តិនេះ ដើម្បីដាក់ទំនួលខុសត្រូវលើប្រទេសទីបី និងធ្វើឱ្យខូចមុខមាត់របស់ខ្លួន និងញុះញង់ឱ្យមានសង្រ្គាមត្រជាក់ថ្មីណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top