ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ទៅកាន់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានធនធានកម្លាំងពលកម្ម ប្រកបដោយភាពបត់បែននៅក្នុងទីផ្សារ

ភ្នំពេញ៖ ក្នុងវេទិកាធុរកិច្ចកម្ពុជា និងកូរ៉េដែលមានតំណាងក្រុមហ៊ុន១៩៨ ចូលរួម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានកម្លាំងពលកម្មជំនាញ ដែលមានភាពបត់បែនខ្ពស់ក្នុងទីផ្សារ ដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មជូនអ្នកវិនិយោគ។

សម្តេចបានគូសបញ្ជាក់ថា “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជន ១.៥លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុងទីផ្សារការងារ។ ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅដ៏ចម្បង ដែលជំរុញការអភិវឌ្ឍថាមពលប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថល ដើម្បីបើកឱកាសដ៏គួរឱ្យទាក់ទាញដែលមានស្រាប់ ជាពិសេសសម្រាប់ធុរកិច្ចផ្នែកបច្ចេកវិទ្យារបស់កូរ៉េ”។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី បានដាក់ចេញនូវការបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដើម្បីផ្តល់ជំនាញមួយយ៉ាងពិតប្រាកដ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្ម ទៅជាប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើជំនាញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកបវេសនកាលបណ្តុះបណ្តាល ជំនាញកម្រិតបច្ចេកទេស វិជ្ជាជីវៈ ១ (C1)កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លើវិស័យចំនួន១០ និងជំនាញចំនួន៣៨មុខ ដែលជាជំនាញកំពុងមានតម្រូវការខ្ពស់ ក្នុងទីផ្សារសម្រាប់បម្រើឱ្យការប្រកួតប្រជែង សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

ការបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្តីពីការបណ្តុះបណ្តាលជំនាញ ដល់ពលរដ្ឋកម្ពុជានាពេលនេះ គឺនៅចំពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយដែលមានទំហំ ពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ កាលពីឆ្នាំ២០២៣កន្លងមកនេះ ហើយការវិនិយោគដោយផ្ទាល់ពីវិនិយោគិនកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារ ខណៈដែលប្រទេសទាំងពីរ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរកាលពីខែធ្នូ ឆ្នាំ២០២២។ ទាំងនេះ គឺជាកត្តាចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់ពលរដ្ឋកម្ពុជាដើម្បីត្រៀម ក្នុងការផ្គត់ផ្គង់ទីផ្សារការងារ ៕

To Top