ព័ត៌មានអន្តរជាតិ

អនុប្រធាន គណៈកម្មាធិការ អូឡាំពិកជប៉ុន ឆ្លងមេរោគកូរ៉ូណាហើយ

តូក្យូ៖ អនុប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុនលោក Kozo Tashima បាននិយាយថា លោកបានធ្វើតេស្តិ៍ រកមេរោគវីរុសកូរ៉ូណា នៅពេលមានការ សង្ស័យកាន់តែកើនឡើងថា តើទីក្រុងតូក្យូអាចធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ បានដោយសុវត្ថិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Tashima បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយសមាគម បាល់ទាត់ជប៉ុនថា ថ្ងៃនេះលទ្ធផលតេស្តិ៍របស់ខ្ញុំ បានបង្ហាញជាវិជ្ជមានចំពោះវីរុសកូរ៉ូណា។ លោក Tashima បានបន្ត ថាលោកកំពុងធ្វើដំណើរ អាជីវកម្មចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយធ្វើដំណើរទៅកាន់ទីក្រុង Belfast ដើម្បីចូលរួមការប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាភិបាលស មាគមបាល់ទាត់អន្តរជាតិ។

ចាប់ពីថ្ងៃទី២ ខែមីនាលោកបានទៅទីក្រុង Amsterdam សម្រាប់ការប្រជុំរបស់ UEFA ដើម្បីធ្វើបទបង្ហាញស្តីពី ការដេញថ្លៃរបស់ប្រទេសជប៉ុន សម្រាប់ការប្រកួតបាល់ទាត់ ពិភពលោកនារីឆ្នាំ២០២៣។ នៅថ្ងៃទី ៣ ខែមីនាលោកបានចូលរួម ក្នុងកិច្ចប្រជុំទូទៅរបស់UEFA។ លោកបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា នៅ Amsterdam និងនៅអឺរ៉ុបនៅដើមខែមីនា កម្រិតនៃការភ័យនឹងវីរុសនេះ គឺមិនដូចនៅពេលនេះទេ។

បន្ទាប់មកលោកបានធ្វើដំណើរ ទៅសហរដ្ឋអាមេរិកដើម្បី មើលក្រុមនារីជប៉ុន ដែលកំពុងធ្វើសកម្មភាព និងដើម្បីបញ្ចុះបញ្ចូល ឲ្យមានការប្រកួតបាល់ទាត់ពិភពលោក មុនពេលត្រឡប់មកផ្ទះវិញ នៅថ្ងៃទី៨ ខែមីនា ៕

ដោយ៖ លី ភិលីព

To Top