ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណនតេជោ មិនអាចបង្កឲ្យមានផលប៉ះពាល់លើ ផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែន ទៅប្រទេសជិតខាងបានឡើយ ផ្ទុយទៅវិញគម្រោងនេះ នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន។
នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម ដោយមានការចូលរួមពីលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន និងគណៈប្រតិភូអម នៃប្រទេសទាំងពីរ នាថ្ងៃទី២៣ ឧសភា លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការពន្យល់លម្អិតបន្ថែម អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនលោកឧបនាយករដ្ឋមន្ត្រី Lee Minh Khai ដោយគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំង ពីអាណាចក្រហ្វូណនមកម៉្លេះ។
លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល២៦ខែ មានការចូលរួមពីជំនាញការបច្ចេកទេស ជាន់ខ្ពស់សរុបចំនួន៤៨នាក់ ក្នុងនោះមានកម្រិតជំនាញជា សាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន៧នាក់ សុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
លោកឧបនាយករដ្ឋមន្ដ្រីបន្ថែមថា ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការជ្រៀតចូល នៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញ ទៅសមុទ្របានផងដែរ ដែលមិនអាចបង្កឲ្យមានផលប៉ះពាល់ លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែន ទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះ នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ ដែលមានសារៈប្រយោជន៍ សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅកម្ពុជា និងអាចការពារមិនឲ្យមានទឹកជំនន់ ពីកម្ពុជាហូរចូលវៀតណាម។
លោកឧបនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រ គូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណន នឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។
បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ចំពោះគម្រោងនេះ ភាគីគណៈប្រតិភូវៀតណាម បានថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសម្តែងការយល់ស្រប ចំពោះការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕