ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹង នាថ្ងៃទី២៧ ឧសភានេះថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៣ មិថុនា ចាប់ពីម៉ោង៦ព្រឹក ដែលព្រះរាជពិធីដង្ហែ នឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឲ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរ តាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី៣ មិថុនា ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធី តាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)៕