ព័ត៌មានជាតិ

WB ៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា កើនដល់ ៥.៨% នៅឆ្នាំ២០២៤ និង ៦.១% នៅឆ្នាំ២០២៥

ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹង នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥.៦% ក្នុងឆ្នាំ២០២៣ ទៅ ៥.៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត៦.១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម។

យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ គូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចកម្ពុជា បានកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញ នៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុង ស្រុកបានធ្លាក់ចុះក៏ដោយ ។

បើតាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥.៦% ក្នុងឆ្នាំ២០២៣ ទៅ៥.៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត៦.១% នៅឆ្នាំ២០២៥ និង៦.៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញ លើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញ នៃការមកដល់របស់ភ្ញៀវទេសចរ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាព ម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។

លោកស្រីបន្តថា «កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្ម នៅតាមព្រំដែន ធ្វើឲ្យការផ្គត់ផ្គង់ថាមពល កាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»។

ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើង នៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុន ពេលមានជំងឺរាតត្បាតកូវីដ-១៩ ។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញ ទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ ។ សមាគប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានក្លាយជាទីផ្សារ នាំចេញធំទីពីរ របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ។ ការកើនឡើងនៃការវិនិយោគ ពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែក ដល់ការងើបឡើងវិញនេះផងដែរ ។ អតិផរណាបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្ត បានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុក បានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចវគ្គនេះ មានផ្នែកមួយផ្ដោតពិសេសទៅលើការពិនិត្យមើលរបៀប ដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។របាយការណ៍នេះ បានផ្ដល់អនុសាសន៍ដូចជា ៖ បង្កើនការវិនិយោគ លើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឲ្យការបែងចែកធនធានកាន់តែមានសមធម៌ ៕

To Top