បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុម័តលើសេចក្តីព្រាង សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រទេសកូរ៉េខាងជើង ដែលត្រូវបានរំពឹងថា នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង នាពេលខាងមុខ ។
មេដឹកនាំរុស្ស៊ីនឹងចាប់ផ្តើម ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ ដែលនឹងរួមបញ្ចូលជំនួប ទល់មុខជាមួយមេដឹកនាំប្រទេស គឺលោក គីម ជុងអ៊ុន ក៏ដូចជាការពិភាក្សា លើបញ្ហាជាច្រើនរួមទាំង សន្តិសុខផង សេដ្ឋកិច្ច និងរបៀបវារៈអន្តរជាតិ ផ្សេងទៀត។
ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនឹងប្រព្រឹត្តទៅ នៅកម្រិតខ្ពស់បំផុតហើយ ក្រឹត្យនេះក៏អនុញ្ញាតឱ្យក្រសួងការបរទេសរុស្ស៊ីអាចធ្វើការណែនាំការផ្លាស់ប្តូរចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលមិនមានលក្ខណៈជាមូលដ្ឋាន។
ជំនួយការគោលនយោបាយការបរទេស របស់លោក Putin លោក Yury Ushakov បាននិយាយកាលពីថ្ងៃចន្ទថា សន្ធិសញ្ញានេះ នឹងជំនួសកិច្ចព្រមព្រៀង ជាច្រើនរវាងប្រទេសទាំងពីរ ដែលមានតាំងពីសម័យសូវៀត និងដើមទសវត្សរ៍ឆ្នាំ ២០០០។
ប្រធានាធិបតីរុស្សីលោក Putin បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង ហើយកាលពីយប់ថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចំនួន២ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ៕
ប្រែសម្រួល៖ស៊ុនលី