ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរកឃើញទុរេន នាំចូលមួយចំនួន មានជ្រលក់ សារធាតុម៉្យាង ដែលមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់បាននៅឡើយ ។
ដើម្បីការពារសុខភាពពលរដ្ឋក.ប.ប. បានអំពាវនាវដល់អាជីវករ ប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក.ប.ប. នាថ្ងៃ២១ មិថុនា ។
ការចេញសេចក្ដីជូនដំណឹង អំពីទុរេននាំចូលមួយចំនួន មានជ្រលក់សារធាតុម៉្យាងនេះ ដោយសារថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណីមានការនាំចូលផ្លែទុរេន ពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេន ។
ក្រោយទទួលព័ត៌មានខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួន នៃប្រទេសកម្ពុជា។
យោងតាមលទ្ធផលស្រាវជ្រាវ បឋមពីអាជីវករលក់ផ្លែទុរេន បានអះអាងថា ផ្លែទុរេនដែលពួកគាត់ ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញអំពីវត្តមាន នៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែន មួយចំនួននៃប្រទេស។
អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណ នៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។
លិខិតបញ្ជាក់ថា “អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណ ច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ” ៕