ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យ អង្គភាពពាក់ព័ន្ធ រួមគ្នាអនុវត្ត ការថែទាំសុខភាពបឋម ដល់ប្រជាពលរដ្ឋ ឲ្យទទួលបានជោគជ័យ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ជម្រុញឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍ ត្រូវរួមគ្នាចូលរួមអនុវត្តក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើន ការថែទាំសុខភាពបឋម ដល់ប្រជាពលរដ្ឋ ឲ្យទទួលបានជោគជ័យ ដើម្បីសង្គមជាតិរបស់យើងទាំងមូល ។

លោកអភិបាលខេត្ត បានជំរុញដូច្នេះ នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំតម្រង់ទិស ដល់ក្រុមការងារការអនុវត្ត ក្របខណ្ឌអនុវត្តការជំរុញបង្កើន ការងារថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាយើង គឺផ្តោតការយចិត្តទុកដាក់លើការថែទាំសុខភាពបឋម បានជួយឲ្យប្រទេសកម្ពុជា សម្រេចបានសមិទ្ធិផលសុខាភិបាល យ៉ាងច្រើននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។

ការថែទាំសុខភាពបឋម រួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមប្រាំឆ្នាំ និងកាត់បន្ថយជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងជាដើម ហើយអាយុរំពឹងរស់របស់ប្រជាជនបានកើនឡើងដល់ ៧៥,៥ឆ្នាំ នាពេលបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវជំរុញ និងបង្កើនការងារថែទាំសុខភាពបឋមបន្ថែមទៀត ដោយសារយើងកំពុងជួបប្រទះបញ្ហាប្រឈមថ្មីៗ ដូចជាសន្ទុះកើនឡើងនៃជំងឺមិនឆ្លង ក្នុងនោះមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម បញ្ហាសុខភាពផ្លូវចិត្ត កំណើនតម្រូវការ សុខភាពមនុស្សចាស់ និងជំងឺឆ្លងដែលអាច នឹងរាតត្បាតខ្លាំងនៅពេលណាមួយ ។

លោកអភិបាលខេត្តបន្តថា នៅក្នុងដំណាក់កាលដំបូង នៃការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើស យកខេត្តចំនួនពីរគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយសារខេត្តទាំងពីរនេះ មានសក្តានុពល ដើម្បីធ្វើឲ្យការអនុវត្ត ទទួលបានជោគជ័យ ។ ក្រុមការងារថ្នាក់ជាតិបានបណ្ដុះបណ្ដាល ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្តរបស់យើងរួចមកហើយ នៅក្នុងនោះមានរដ្ឋបាល ខេត្តចំនួន ៥រូប និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចំនួន៥រូប។ ពួកគេទាំង ១០រូបនេះគឺជាក្រុមការងារដឹកនាំ និងទទួលខុសត្រូវផ្ទាល់ក្នុងការអនុវត្ត ក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានយកឱកាសនោះ អំពាវនាវដល់ក្រុមការងារថែទាំសុខភាពបឋម និងមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍ ត្រូវរួមគ្នាចូលរួមអនុវត្ត ក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការថែ ទាំសុខភាពបឋម នេះ ឲ្យទទួលបានជោគជ័យ ដើម្បីសង្គមជាតិ របស់យើងទាំងមូល ៕

To Top