ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុង​ទិវាអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី នៅក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដ៏មានអត្ថន័យដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដល់បងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ប្រជាជនកម្ពុជាគ្រប់រូបចងចាំ នូវគុណូបក្ការៈដ៏ឧត្ដុង្គឧត្តម និងពលីកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់យុទ្ធជនយុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និង បងប្អូនអតីតយុទ្ធជន ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ជាការពិតណាស់ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ ជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋឱ្យចាកផុត ពីមហន្តរាយនៃរបបអាវខ្មៅ និងជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ ។ ជ័យជំនះនេះពិតជាមាន ការរួមចំណែកដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជនហើយទាំងអស់គ្នា តែងចងចាំជានិច្ចនូវគុណបំណាច់ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ៕

To Top