បរទេស៖ លោកប្រធានាធិបតី Joe Biden បានប្តេជ្ញា បន្តឈរឈ្មោះជាតំណែង បើទោះជាមានការអំពាវនាវ ឱ្យលោកបោះបង់ការប្រណាំង ប្រជែងសម្រាប់តំណែងនៅសេតវិមានក៏ដោយ ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតី Joe Biden បាននិយាយបែបនេះ ទៅកាន់កងទ័ព និងក្រុមគ្រួសារ របស់ពួកគេ នៅឯកន្លែងសាច់អាំងមួយនៅបរិវេណសេតវិមាននៅថ្ងៃទី ៤ ខែកក្កដា ដើម្បីប្រារព្ធទិវាឯករាជ្យ របស់សហរដ្ឋអាមេរិក។ បន្ទាប់ពីសុន្ទរកថាអស់រយៈពេលបួននាទី លោក Biden បានចាប់ដៃអ្នកដែលមានវត្តមាន ហើយត្រៀមខ្លួនចាកចេញ។
អ្នកគាំទ្រម្នាក់បានស្រែកថា “បន្តការប្រយុទ្ធ។ យើងត្រូវការអ្នក” ។ លោក Biden បានឆ្លើយតបថា “ខ្ញុំមិនទៅណាទេ”។
ការបង្ហាញខ្លួនជាសាធារណៈ របស់លោកប្រធានាធិបតី Biden បានទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពីលោកធ្វើឱ្យមានការអស់សង្ឃឹម ក្នុងការជជែកដេញដោលផ្ទាល់ ជាមួយគូប្រជែងរបស់លោក Donald Trump កាលពីថ្ងៃទី ២៧ ខែមិថុនា។ លោក Biden មិនអាចធានាដល់អ្នកបោះឆ្នោត ដែលព្រួយបារម្ភអំពីអាយុរបស់គាត់។ សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួនបានអំពាវនាវឱ្យលោក Biden ចាកចេញពីការប្រណាំងប្រជែងនេះ ហើយ “បើកភ្លើងទៅឱ្យមេដឹកនាំជំនាន់ក្រោយ” ។
សេតវិមានបាននិយាយកាលពីថ្ងៃទី ៣ ខែកក្កដាថា “គ្មានឱកាស” ដែលលោក Biden នឹងធ្លាក់ចេញពីការប្រណាំងនោះទេ។ ប្រធានាធិបតីអាមេរិកបានជួបជាមួយអភិបាលគណបក្សប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃទី ៣ ខែកក្កដា ដើម្បីធានាដល់ពួកគេថា លោកនៅតែមានសមត្ថភាពដឹកនាំគណបក្ស។
យោងតាមប្រភព ដែលដឹងពីបញ្ហានេះ លោកប្រធានាធិបតី Biden បាននិយាយថា គាត់ត្រូវការសម្រាកបន្ថែមទៀត ហើយបានណែនាំជំនួយការ របស់គាត់ឱ្យបញ្ចៀសកុំឱ្យមានព្រឹត្តិការណ៍បន្ទាប់ពីម៉ោង ៨យប់។ លោក Kevin Munoz អ្នកនាំពាក្យសម្រាប់យុទ្ធនាការរបស់លោក Biden បាននិយាយថា នេះមិនបានបង្កបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។
អ្នកនាំពាក្យសេតវិមានលោក Andrew Bates បានបញ្ជាក់ថា លោក Biden បានជួបគ្រូពេទ្យបន្ទាប់ពីការពិភាក្សាកាលពីសប្តាហ៍មុន ដើម្បីពិនិត្យសុខភាព ហើយកំពុង “ជាសះស្បើយឡើងវិញ” ។ អ្នកធ្វើយុទ្ធនាការរបស់លោក Biden ធ្លាប់បាននិយាយថា លោកប្រធានាធិបតីមានជំងឺផ្តាសាយ ដែលធ្វើឱ្យគាត់ស្អក ក្អក និងគ្រហែមជាច្រើនដងក្នុងអំឡុងពេលជជែកពិភាក្សា៕
ប្រែសម្រួលៈ ណៃ តុលា