ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលាបពណ៌ និងការជេរប្រមាថរបស់ខ្លួនប្រឆាំងនឹងប្រទេសចិន ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងរួមចំណែកដល់សន្តិភាព និងសន្តិសុខនៃអ៊ីនធឺណេត។
អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើ សុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលទើបចេញថ្មី ដោយមជ្ឈមណ្ឌល ឆ្លើយតបបន្ទាន់មេរោគកុំព្យូទ័រជាតិ របស់ប្រទេសចិន មន្ទីរពិសោធន៍វិស្វកម្មជាតិ សម្រាប់បច្ចេកវិទ្យាការពារមេរោគកុំព្យូទ័រ និងក្រុមសន្តិសុខឌីជីថល។
យោងតាមរបាយការណ៍ សហរដ្ឋអាមេរិក បាននឹងកំពុងបំភាន់អង្គការវាយប្រហារតាមអ៊ីធឺណិត ដែលមានឈ្មោះថា “Volt Typhoon” ចាប់តាំងពីឆ្នាំ២០២៣ ហើយចូលរួម ក្នុងយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មានមិនពិតទូទាំងពិភពលោក ប្រឆាំងនឹងប្រទេសចិន។
លោក Lin បានលើកឡើងថា កាលពីខែមេសា ទីភ្នាក់ងារចិន ដែលពាក់ព័ន្ធបានបង្ហាញពីរឿងអាស្រូវអំពីសហរដ្ឋអាមេរិក ដែលបានដាក់ប្រទេសចិនឱ្យទទួលខុសត្រូវចំពោះ “Volt Typhoon” ដើម្បីជំរុញរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន។
របាយការណ៍ចុងក្រោយនេះ បានបង្ហាញបន្ថែមទៀតថា យុទ្ធនាការផ្សព្វផ្សាយ ព័ត៌មានមិនពិតនេះ ត្រូវបានរៀបចំឡើង ដោយទីភ្នាក់ងារសន្តិសុខជាតិ (NSA) និងការិយាល័យ ស៊ើបអង្កេតសហព័ន្ធ (FBI) និងសមាជិកដទៃទៀត នៃសហគមន៍ស៊ើបការណ៍ សម្ងាត់ របស់សហរដ្ឋអាមេរិក ដោយមានការចូលរួមពីសមាជិកសភាចិន និងភ្នាក់ងារសហព័ន្ធ ជាច្រើន ក៏ដូចជាភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត មកពីប្រទេស Five Eyes ផ្សេងទៀត ហើយវាមានបំណងរៀបចំបំភាន់ មតិសាធារណៈ។
លោកបន្ដថា “រហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក នៅតែជំពាក់ការពន្យល់មកពួកយើង បន្ទាប់ពីរបាយការណ៍នេះត្រូវ បានចេញផ្សាយ” ដោយបន្ថែមថា ប្រធាន NSA នៅតែផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអង្គភាព “Volt Typhoon”។
លោកបានបន្ថែមថា “អ្វីដែលកាន់តែអាក្រក់ របាយការណ៍ចុងក្រោយបង្អស់ បានលាតត្រដាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងដាក់ សម្ពាធលើក្រុមហ៊ុនសន្តិសុខ តាមអ៊ីនធឺណិត ហើយសុំឱ្យវាសរសេរឡើងវិញ នូវការវិភាគបច្ចេកវិទ្យា របស់ខ្លួន ដែលបង្ហាញថា ‘Volt Typhoon’ ថាជាក្រុម ransomware” ដោយលោកបានបន្ថែមថា នេះគឺជាភាពច្របូកច្របល់ ជាយុទ្ធសាស្ត្របិទបាំង ដែលមិនដំណើរការ ហើយនឹងមិនដំណើរ ការជារៀងរហូត ៕
ប្រែសម្រួល ឈូក បូរ៉ា