ភ្នំពេញ ៖ សិក្ខាកាមកំពុងសិក្សាក្នុង«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បានបង្ហាញការសប្បាយចិត្ត ចំពោះវគ្គបណ្តុះបណ្តាល របស់រាជរដ្ឋាភិបាលព្រោះ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យសិស្សមានទំនុកចិត្ត រៀនឆាប់ចេះ ដោយសារសាលា មានឧបករណ៍បច្ចេកទេស ទំនើបគ្រប់គ្រាន់រៀន ភ្លាមអនុវត្តន៍ផ្ទាល់ភ្លាមៗ។
កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាម ផ្នែករចនាក្រាហ្វិច ដោយកុំព្យូទ័រនៅវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានបង្ហាញពីក្តីសប្បាយរីករាយ ដែលមានចូលរៀននៅក្នុងសាលា ដែលមានគ្រូបង្រៀនយកចិត្តទុកដាក់ ខ្ពស់ក្នុងការបង្ហាត់បង្ហាញ ជាពិសេស សាលាមានបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប សម្បូរបែបសម្រាប់ ដាក់ឱ្យសិស្សរៀនទ្រឹស្តីផង អវត្តន៍ជាក់ស្តែងផង។
កញ្ញាថា «ការបង្រៀនជាក់ស្តែងសម្រាប់ ខ្ញុំផ្ទាល់គឺដូចចាប់ផ្តើមពីសូន្យមក ប៉ុន្តែលោកគ្រូអ្នកគ្រូគាត់បង្រៀនណែ នាំយកចិត្តទុកដាក់តាមដំណាក់កាលនិមួយៗមិនឱ្យសិស្សភ័យខ្លាច ហើយមុននឹងអនុវត្តន៍លោកគ្រូបង្រៀនពីទ្រឹស្តី ហើយរៀនបណ្តើរអនុវត្តន៍បណ្តើរធ្វើឱ្យសិស្សឆាប់ចេះ»។
ស្រដៀងគ្នានេះ អ្នកស្រី គង់ ស៊ីផា ជាសិក្ខាកាមជំនាញធ្វើនំនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនុវានុវត្តន៍ (NIEI) និយាយថា ដំបូងឡើយអ្នកស្រីគិតថា រៀនមិនអស់ប្រាក់បែបនេះ ប្រហែលជាគ្រូបង្រៀនមិនដឹកដល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈបទពិសោធន៍ជាក់ស្តែង មិននឹកស្មានថាអ្នកស្រីឆាប់ចាប់បាន ឆាប់យល់ ហើយបរិយាកាសសិក្សាប្រកបដោយ ផាសុខភាពទៀតផង ជាពិសេសគឺសាលាមានឧបករណ៍ ទំនើបគ្រប់គ្រាន់ដាក់ឱ្យអនុវត្តន៍ជាក់ស្តែង។
អ្នកស្រីថា «ការរៀនជាក់ស្តែងគឺលោកគ្រូអ្នកគ្រូបង្រៀនបានល្អ ហើយសិស្សក៏យកចិត្តទុកដាក់រៀន ហើយឧបករណ៍ក៏មានគ្រប់គ្រាន់ ជាពិសេសគឺអនាម័យល្អ អនុវត្តន៍ជាក់ស្តែងរៀនបណ្តើរអនុវត្តន៍បណ្តើរឆាប់ចេះ»។
សិក្ខាកាមទាំង២ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានគ្រប់គ្នា ដែលការរៀនជំនាញនេះមិនគិតពីអាយុ មិនអស់លុយហើយថែម ទាំងបានប្រាក់ឧបត្ថម្ភបន្ថែមទៀត ។
តាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិស្សកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ទាំងកម្មវិធី ១.៥លាននាក់ និងកម្មវិធីទូទៅសរុបចំនួន ៧៤ ៨៧៣នាក់៕