ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជន ចលនាមាតាធម្មតា គឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជា នរណានោះឡើយ។
ការចេញសេចក្ដីថ្លែងការណ៍នេះ ក្រោយក្រុមអ្នកជំនាញ សិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ៤ កក្កដា មួយធ្វើឲ្យមានចេតនាបំភ័ន្ត សាធារណជនទាំងស្រុង អំពីលក្ខណៈនៃការផ្តន្ទាទោស សកម្មជនបរិស្ថានទាំង១០រូប កាលពីថ្ងៃ២ កក្កដា ។
ករណីនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបំភ្លឺថា ការចោទប្រកាន់របស់អ្នកជំនាញ លើការកាត់ទោសសកម្មជន មាតាធម្មជាតិថា ជាទម្រង់នៃការមិនអត់ឱន ការរឹតត្បិតលម្អពលរដ្ឋ ឬការបង្ក្រាបការបញ្ចេញសំឡេងជំទាស់ គឺមិនត្រឹមតែគ្មានហេតុផលប៉ុណ្ណោះទេ ប៉ុន្តែជាការរើសអើងយ៉ាងខ្លាំង។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបន្ដថា ប្រសិនបើលំហរពលរដ្ឋមានការរឹតត្បិត តើហេតុអ្វីបានជាអង្គការសង្គមស៊ីវិល បន្តកើនដល់ជាង ៦.០០០? សំឡេងរបស់ពួកគេត្រូវ បានពង្រីកបន្ថែមទៀតដោយប្រព័ន្ធផ្សព្វផ្សាយជាង ២.០០០ ដែលកំពុងប្រតិបត្តិការដោយរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្ស អភិបាលកិច្ចល្អ គ្មានការត្រួតពិនិត្យ និងរឹតត្បិតលើការរួមចំណែកដល់ការលើកកម្ពស់សិទ្ធិ និងការបង្កើតគោលនយោបាយនៅកម្ពុជា។
ប្រភពដដែលបន្ដថា “ការចាត់ទុកការអនុវត្តច្បាប់ថា មានលក្ខណៈជាទម្រង់នៃការយាយី និងការបង្ក្រាបលើសិទ្ធិសេរីភាព នៃក្រុមមួយចំនួន គឺជាការមាក់ងាយតម្លៃនីតិរដ្ឋ និងការអនុវត្តស្មើៗ គ្នាចំពោះប្រជាពលរដ្ឋគ្រប់រូប ។ សកម្មជនទាំង១០នាក់នោះ ត្រូវបានផ្តន្ទាទោសមិនមែន ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែត្រូវបានចោទប្រកាន់ ពីបទរៀបចំសកម្មភាព ប្រឆាំងរដ្ឋាភិបាល និងការប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើស ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ហើយត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន)និង ៤៥៣ នៃក្រមទណ្ឌ។ ការផ្តន្ទាទោសនេះ កើតចេញពីការប្រព្រឹត្តល្មើសនឹងច្បាប់តែប៉ុណ្ណោះ”។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ទទូចឲ្យអ្នកជំនាញទាំងនោះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់ អ្នកកាន់អាណត្តិ នៃនីតិវិធីពិសេស ក្នុងការបំពេញ មុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តី ថ្លែងការណ៍ ជាសាធារណៈ ដែលអាចបកស្រាយបានថា « ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ និងយុត្តាធិការក្នុងស្រុក របស់កម្ពុជា»៕