ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោល​ការ​អះអាង​ របស់​អង្គការ​ណាតូ​ក្នុង​ការ​គាំទ្រ​ ផ្នែក​យោធា​របស់ខ្លួន ចំពោះ​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន

AFP

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាងរបស់មេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលថាទីក្រុងតេអេរ៉ង់ កំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ដោយប្រតិកម្មទៅនឹងផ្នែក នៃសេចក្តីប្រកាសរួម ដែលបានចេញនៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលនៃមេដឹកនាំរដ្ឋរបស់ អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។

អង្គការណាតូបានចោទប្រកាន់អ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា “ផ្តល់ការគាំទ្រផ្នែកយោធាដោយផ្ទាល់” ដល់រុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដូច្នេះហើយបានបញ្ឆេះជម្លោះ។

លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការអះអាងនេះថា “គ្មានមូលដ្ឋានទាំងស្រុង និងជាហេតុផលនយោបាយ” ហើយបានច្រានចោលការចោទប្រកាន់ណាមួយ ដើម្បីភ្ជាប់សង្រ្គាមនៅអ៊ុយក្រែនទៅនឹង កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ី។

លោក Kanaani បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការជួយធានាស្ថិរភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងជុំវិញពិភពលោក ដោយបានរំលឹកឡើងវិញថា អ៊ីរ៉ង់មិនដែលផ្គត់ផ្គង់រុស្ស៊ីនូវយន្តហោះដ្រូនណាមួយ សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែននោះឡើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top