ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជាមិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា នាពេលអនាគត។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោក Miguel De Serpa Soares
អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ និងគណៈប្រតិភូ
ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ
និងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពី លោក បានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣
លោក Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការ
នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យនិងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ របស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យនៃ អ.វ.ត.ក. ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី
ក៏បានបញ្ជាក់ថា «ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ
តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ»។
ក្នុងន័យនេះ សម្តេចធិបតី បានជម្រាបជូន លោកអគ្គលេខាធិការងថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវយន្តការដ៏សមស្របមួយក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿងដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិដល់ពិភពលោកទាំងមូលសម្រាប់ឱ្យអ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើងនៅលើពិភពលោក។ លោកអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ហើយគោរពបញ្ជាក់ជូនសម្តេចធិបតីថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រកម្ពុជាលើកិច្ចការដ៏មានសារ:សំខាន់នេះ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន
និងជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យពិភពលោកទាំងមូលមានសុខសន្តិភាពគឺយើងទាំងអស់គ្នា ត្រូវរួមគ្នា និងសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវរាល់សង្គ្រាមនិងជម្លោះ ដែលអាចកើតមានជាយថាហេតុ៕