ប៉ារីស៖ លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសម្នាក់បានរងរបួសនៅក្នុងពេលមាន វាយប្រហារមួយកើតឡើង នៅសង្កាត់ទី៨ នៃទីក្រុងប៉ារីស ។
យោងតាមរូបភាពដែលបានផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានឲ្យដឹងថា ប៉ូលិសបានរងរបួសនៅក្នុងការ វាយប្រហារដោយកាំបិតនៅជិតតំបន់ Avenue des Champs-Elysees ដ៏ល្បីល្បាញមួយកន្លែង ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Laurent Nunez ស្នងការនគរបាលក្រុងប៉ារីស បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅគ្រាដែល សន្តិសុខឯកជននៃទីតាំងពាណិជ្ជកម្ម ដ៏ធំមួយបានស្នើសុំការអន្តរាគមន៍ពីប៉ូលិស ។
នៅពេលពេលឃើញកម្លាំងសមត្ថកិច្ចភ្លាមនោះ ជនសង្ស័យបានរត់គេចខ្លួន ដោយមានកាន់កាំបិតនៅក្នុងដៃ ។ លោក Nunez បានពណ៌នាអំពីជនសង្ស័យថា ជា “ការអត់ធ្មត់ និងបះបោរខ្លាំងណាស់” ។
ស្នងការនគរបាលខាងលើបានឲ្យដឹងថា មន្ត្រីប៉ូលិសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក ប៉ុន្តែជីវិតរបស់គាត់មិនត្រូវបានគេជឿថា មានគ្រោះថ្នាក់នោះទេ ខណៈដែលជនសង្ស័យដែលត្រូវបានបាញ់ ដោយប៉ូលិសម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកក៏បានច្រានចោលពីការលើកឡើង នៃក្រុមភេរវជនដែលស្ថិតនៅដំណាក់កាលនេះ ។
គួររំលឹកថា កាលពីថ្ងៃចន្ទ បុរសម្នាក់ដែលមានជំងឺវិកលចរិកធ្ងន់ធ្ងរ បានចាក់ទាហានដើរល្បាត នៅស្ថានីយ៍រថភ្លើងខាងកើតទីក្រុងប៉ារីស ។ ក្រោយមកនៅថ្ងៃពុធ មានរថយន្តមួយគ្រឿង បានបើកចូលទៅលើរាបស្មើរនៃបារមួយ ក្នុងសង្កាត់ទី២០របស់ទីក្រុងប៉ារីស ដោយបានសម្លាប់មនុស្សម្នាក់ផងដែរ ។
គេបានដឹងថា នៅទីក្រុងប៉ារីស កំពុងរៀបចំសម្រាប់ការ បើកកីឡាអូឡាំពិកដ៏ធំនៅថ្ងៃទី២៦ ខែកក្កដា ហើយនៅក្នុងអំឡុងពេលនោះដែរ នឹងមន្ត្រីប៉ូលិសប្រហែល ៤៥.០០០នាក់ និងទាហានជាង១០.០០០ នាក់មកពីអង្គភាព Operation Sentinelle នឹងត្រូវដាក់ពង្រាយដើម្បីធានាដល់សន្តិសុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា