ព័ត៌មានជាតិ

គំនិតផ្តួចផ្តើម អរិយធម៌សកល ជាសរសរស្តម្ភ កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ

បាត់ដំបង ៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីបាឋកថា ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជាសរសរស្តម្ភកិច្ចកសាង សហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។

ថ្លែងទៅកាន់អង្គពិធី ដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន៣៧០រូប លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ បាត់ដំបង បានសម្តែងការអបអរសាទរ ដោយស្មោះត្រង់ ចំពោះអង្គពិធីទាំងមូល ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការយល់ដឹងកាន់តែស៊ីជម្រៅ គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាគំនិតផ្តួចផ្តើម របស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។

ក្នុងនាមជាអ្នកជិតខាងល្អ និង ជាមិត្តដ៏ស្មោះស្ម័គ្រដ៏គួរឱ្យទុកចិត្ត ប្រទេសចិនគាំទ្រយ៉ាងមុតមាំ ដល់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសផ្លូវ អភិវឌ្ឍន៍ដោយឯករាជ្យ ដែលសមស្របនឹងលក្ខខណ្ឌជាតិ របស់ខ្លួន ហើយប្រទេសចិន មានឆន្ទៈ ក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីកសាងក្រប ខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រឆកោណ» និងធ្វើការរួមគ្នា ដើម្បីអនុវត្តលទ្ធិពហុភាគីនិយម ប្រឆាំងដាច់ខាត នូវគ្រប់ទម្រង់ នៃអនុត្តរភាពនិង នយោបាយអំណាច រួមគ្នារក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងយុត្តិធម៌អន្តរជាតិ ហើយចូលរួមចំណែកកាន់តែច្រើន ក្នុងការជំរុញកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និង បង្កើតឱ្យកាន់តែប្រសើរឡើងនូវអនាគតកាន់តែបវរសម្រាប់មនុស្សជាតិ ។ លោក Lu Qizhi (លូ ឈីជឺ) អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ចាប់តាំងពីការចាប់ផ្តើម គំនិតផ្តួចផ្តើម អរិយធម៌សកល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតស្ថានភាពថ្មី សម្រាប់ការផ្លាស់ប្តូរអរិយធម៌ សមាហរណកម្មវប្បធម៌ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនក្នុងចំណោមប្រទេស ជុំវិញពិភពលោក ហើយសម្រេចបានលទ្ធផលជាផ្លែផ្កា ។ ប្រទេសចិន និងកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿង អរិយធម៌ចិន និងអរិយធម៌ខ្មែរ បានលាយបញ្ចូលគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងរយៈពេលជិតពីរពាន់ឆ្នាំនៃការផ្លាស់ប្តូរ និងអន្តរកម្ម។ ការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក រវាងអរិយធម៌ មិនត្រឹមតែជាបំណងប្រាថ្នា និងសេចក្តីប្រាថ្នារបស់ប្រជាជនចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការ និងអត្ថន័យពិតប្រាកដនៃការធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់ប្រទេសចិន និងកម្ពុជា ។

តាមរយៈសៀវភៅជាខេមរភាសា ស្តីពី«យល់ដឹងកាន់តែស៊ីជម្រៅ ពីគំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ក្នុងនាមជាវាគ្មិនបានរំលេចពីគុណតម្លៃ នៃគំនិតផ្តួចផ្តើម អរិយធម៌សកល ដែលត្រូវបានមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ បានពិគ្រោះពិភាក្សា និងអនុម័តជាឯកច្ឆន្ទ លើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាអន្តរជាតិ សម្រាប់កិច្ចសន្ទនា រវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មត យកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិ សម្រាប់កិច្ចសន្ទនារវាងអរិយធម៌ ។ ក្នុងនាមសិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការដែលបានចូលរួម ក្នុងអង្គបាឋកថានេះ កញ្ញា អ៊ឹម សុភា និស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តចិន នៅសាកលវិទ្យាល័យជាតិបាត់ដំបងបានថ្លែង គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាសសរស្តម្ភដ៏រឹងមាំ នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ហើយកញ្ញាក៏ដូចជាមិត្តភក្តិដទៃទៀត នឹងបន្តផ្សព្វផ្សាយចែករំលែក ពីខ្លឹមសារសំខាន់ៗ នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីចូលរួមចំណែកបន្តពន្លាតស្មារតីសន្តិភាព និងបង្កើនវិបុលភាព ដល់មនុស្សជាតិ។

To Top