ភ្នំពេញ៖ សិក្ខាកាមដែលកំពុងសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានសរសើរសាលាផ្តល់នូវសម្ភារៈអនុវត្តន៍ទំនើប និងមានការបង្រៀនបានដិតដល់ ដែលបង្ករជាភាពងាយស្រួល និងជំរុញគុណភាពនៃការសិក្សា។
កញ្ញា ផល ច័ន្ទធានី ជាសិក្ខាកាមជំនាញរចនាក្រាហ្វិក នៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) ពេញចិត្តនឹងការផ្តល់ជូននូវឧបករណ៍អនុវត្តន៍ទំនើបដែលមានដំណើរការបានល្អ និងការបង្រៀនដិតដល់ក្នុងថ្នាក់ពីលោកគ្រូជំនាញ។
សិក្ខាកាមរូបនេះបានចែករំលែកថា៖ “សម្រាប់គ្រឿងបរិក្ខារមានគ្រប់គ្រាន់ទាំងអស់ ទាំងម៉ូនីទ័រ (Monitor) កុំព្យូទ័រ (Computer) និង ម៉ៅស៍ (Mouse) វាដំណើរការល្អហើយមាន វ៉ាយហ្វាយ (WiFi) អោយយើងប្រើទៀត ហើយសម្រាប់ការបង្រៀនរបស់លោកគ្រូក៏ល្អ”។
ចំណែកឯលោក ធួន វិសុទ្ធ ជាសិក្ខាកាមជំនាញអគ្គិសនីបណ្តាញនៃវិទ្យាស្ថានដដែលមានចំណាប់អារម្មណ៍ដូចគ្នា ដោយសារនៅសាលាមានឧបករណ៍ ទំនើបៗជាច្រើនដែលអាចឱ្យខ្លួនលោកពង្រឹងសមត្ថភាព ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗពីលោកគ្រូផងដែរ។
សិក្ខាកាមដដែលបានប្រាប់ថា៖ “រៀននៅសាលា NTTI នេះគឺយើងមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ហើយនិងឧបករណ៍ទំនើបៗជាច្រើនសម្រាប់យើងអភិវឌ្ឍន៍។ ការបង្រៀនគាត់គឺមានបទពិសោធន៍ថ្មីៗច្រើនសម្រាប់យើង ដែលមករៀនបទពិសោធន៍អគ្គិសនីនេះជាមួយលោកគ្រូ”។
ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់អ្នកដែលមិនទាន់មានការងារ ឱ្យមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានមួយនេះដូចជារូបគាត់ ដើម្បីទទួលយកបទពិសោធន៍ និងចំណេះជំនាញសម្រាប់រកកម្រៃផ្គត់ផ្គង់គ្រួសារ។
លើសពីនេះលោក មុត បូរី ជាសិក្ខាកាមជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានជាមួយគ្នានេះ ក៏បានបញ្ជាក់បន្ថែមដូចគ្នាថា សម្ភារៈប្រើប្រាស់ និងការអនុវត្ត នៅក្នុងម៉ោងរៀនគឺមិនមានភាពខ្វះខាត ហើយលោកគ្រូរបស់លោកផ្ទាល់អាចពន្យល់មេរៀននីមួយៗបានយ៉ាងងាយស្រួល។
សិក្ខាកាមបានរៀបរាប់ថា៖ “ទៅរៀនសម្ភារៈអីមានគ្រប់គ្រាន់ សិស្សមិនខ្វះខាតអ្វីសម្រាប់រៀនទេ ហើយលោកគ្រូគាត់បង្រៀនបានដិតដល់ល្អ យើងមិនអាចងាយយល់ក៏គាត់អាចពន្យល់បន្ថែមឱ្យយើងកាន់តែច្បាស់ទៀត”។
គួររំលេចផងដែរ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃ ១.៥លាននាក់នេះ គឺជាកម្មវិធីថ្នាក់ជាតិដែលប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ប្រកាសកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបានចាប់ផ្តើមដំណើរការបង្រៀននៅថ្ងៃទី១៥ មករា ២០២៤ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះផងដែរតម្រូវឱ្យសិស្សមានអាយុចាប់ពី ១៥ឆ្នាំឡើង ចំណែកឯប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ មានប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារក្រីក្រ នឹងមានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨០០០០រៀល (ពីរសែនប្រាំបីម៉ឺនរៀល) ក្នុងមួយខែជូនទៀតផង៕