ភ្នំពេញ ៖ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាល ខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបាននូវ រាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោករដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំង មានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា «រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានា ដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតប បានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ»។
នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។
លោកអភិបាល បន្តថា ទន្ទឹមនឹងលទ្ធផលល្អដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទទួលបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋ បទមជ្ឈិម បន្តកើនឡើង ក៏ប៉ុន្តែការបង្ក្រាបបទល្មើស ទទួលបានលទ្ធផលខ្ពស់ រហូតដល់៨៩%។ បញ្ហាប្រឈមខាងលើនេះ គឺជាវិញ្ញាសារមួយ ដែលជាភារកិច្ចរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ គិតគូដោះស្រាយ ឱ្យបានទាន់ ពេលវេលា សំដៅពង្រឹងស្ថិរភាព សុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បន្ថែមថា ដើម្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្លាំងសមត្ថកិច្ច ត្រូវតែធ្វើតេស្តរកសារធាតុញៀន និងជាតិអាកុល ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍។ ករណីរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀន និងជាតិអាកុល ត្រូវតែអនុវត្តវិធាន ច្បាប់ដោយគ្មានការលើកលែង៕