សៀមរាប ៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែក បុរាណមួយកន្លែង ក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក ។
បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណ ក្នុងតំបន់អតីតរាជធានីអង្គរនេះ បំណងដើម្បសិក្សាឱ្យ ស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធ នៃចង្រ្កានស្លដែករបស់ខ្មែរ បុរាណកាលពីសម័យអង្គរផង និងជួយបណ្ដុះបណ្ដាលយុវជនខ្មែរ ជំនាន់ក្រោយឱ្យយល់ដឹងពីជំនាញទាំងនោះផង ។
លោកបន្តថា ក្នុងការធ្វើកំណាយនៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យ ស្រុកប្រាសាទបាគងចំនួនជាង២០នាក់ ចូលរួមទស្សនាឈ្វេងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន ៤នាក់ទៀតបានចូលរួម ហ្វឹកហាត់ផងដែរ។
លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីករណ្ដៅទំហំ ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយគេបានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម។
ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណនៅក្នុងអតីតរាជធានីអង្គរដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនាសម័យអង្គរ។
អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយដែលបានផលិតដែកធ្វើជាឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យស្ថាបត្យកម្មជាដើម ដែលជួយឱ្យចក្រភពខ្មែរសម័យនោះមានការរីកចម្រើនជឿនលឿន និងជាកត្តាមួយដែលជំរុញអារ្យធម៌អង្គរថ្កុំថ្កើង។
សូមបញ្ជាក់ថា មុនពេលដែលក្រុមអ្នកបុរាណវិទ្យាបើកកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនៅភ្នំបូកនោះ គឺអ្នកស្រាវជ្រាវបានសិក្សាតាមវិធីវាស់ស្ទង់ ប្រើឧបករណ៍ Gradiometer ដោយបានជំនួយពីសាកលវិទ្យាល័យ Flinders University, Australia ជាមុន ដើម្បីសិក្សាបឋមពីវត្តមាននៃទីតាំងចង្ក្រាននៅលើស្ថានីយនេះ៕