ភ្នំពេញ ៖ កូនអណ្តើកហ្លួង ដែលជាសត្វកម្របំផុត មួយប្រភេទ ត្រូវបានញាស់កូនមួយសំបុក ដែលមានចំនួន ១០ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឲ្យដឹងនៅថ្ងៃ២៣ កក្កដាថា ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាព ចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុត ជួយឲ្យមានកំណើន កើនឡើងវិញ នៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។
គួរបញ្ជាក់ថា អណ្តើកសសៃ ដែលត្រូវបានគេស្គាល់ថា ជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថា ជាសត្វល្មូនតំណាងជាតិ របស់ប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។
ប្រភេទអណ្តើកហ្លួងនេះគេជឿថា ត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ ដោយការតាំងចិត្តរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ មួយក្រុម ។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមការគំរាម កំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ ដោយឧបករណ៍នេសាទ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះបានឲ្យដឹងថា “ពួកយើងផ្តល់ការថែទាំ សម្រាប់អណ្តើកហ្លួងពេញវ័យ ចំនួន១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយ នៃកម្មវិធីបង្កាត់ពូជ សម្រាប់អណ្តើកប្រភេទនេះ ។ គំនិតផ្តួចផ្តើមនេះ ដែលអាចធ្វើទៅបាន តាមយរៈភាពជាដៃគូរបស់ពួកយើង ជាមួយរដ្ឋបាលជលផល និងអង្គការសមាគម អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា”៕