ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ គាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេង សម្តេចតេជោ ពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។

តាមរយៈគេហទំព័ហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់ សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការ គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផង របងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ ទី២.ក្លាយពីតំបន់ ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍ សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិ ផ្សេងៗទៀត ចូលទៅគាំទ្រ និងផ្ដល់ជំនួយ តាមយន្តការនានា។ ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

សារពន្យល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី កន្លងទៅ និង សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ល្មមឱ្យបងប្អូនយល់ និង ចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។

ប្រមុខក្រសួងមហាផ្ទៃ ក៏ទទូចដល់បងប្អូនជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា លើ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងផ្ញើសារពន្យល់ ប្រកបដោយព្រហ្មវិហារធម៌ និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល ក៏ដូចជាបញ្ឈប់ការចូលរួម ធ្វើសកម្មភាពខុសច្បាប់នានាដើម្បីបំពេញមហិច្ឆតាដ៏ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។ ទាំងនេះ ពុំមែនជាសេរីភាពបញ្ចេញមតិ ដែលច្បាប់ការពារនោះទេ គឺជាជំហានហួសបន្ទាត់ក្រហម ដែលជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់ ពីសំណាក់ សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។ សូមបងប្អូន កុំលង់ខ្លួនក្លាយទៅជា«តេឡេ» សម្រាប់គេចុចបញ្ជាឱ្យធ្វើអ្វី «ចំអែតតណ្ហា»របស់ពួកគេ ៕

To Top