មូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “សត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។
លោក ពូទីន បានលើកឡើងថា វាច្បាស់ណាស់ថា កងទ័ពអ៊ុយក្រែន នឹងបន្តព្យាយាមធ្វើឱ្យស្ថានការណ៍ នៅតំបន់ព្រំដែនមានអស្ថិរភាព ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយផ្ទៃក្នុង របស់រុស្ស៊ីមានអស្ថិរភាពដូចគ្នា។
លោកប្រធានាធិបតីបានអំពាវនាវ ដល់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី រួមជាមួយនឹងឆ្មាំជាតិ ដើម្បីធានារបបនៃ ប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការប្រយុទ្ធប្រឆាំងប្រកបដោយ ប្រសិទ្ធភាពប្រឆាំងនឹងការបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍របស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន។
កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែន កំពងកាន់កាប់កន្លែងតាំងទីលំនៅចំនួន ២៨ នៅក្នុងតំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា