ព័ត៌មានអន្តរជាតិ

កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ព្រមានពីការសងសឹកគ្មានដែនកំណត់ ប្រសិនបើអាមេរិកវាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់

CFP

បាកដាដ៖ ក្រុមឆ័ត្រនៃកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទអំពីការសងសឹក “គ្មានដែនកំណត់” ប្រសិនបើប្រទេសមហាអំណាចមួយនេះ បើកការវាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់។

គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឱ្យក្រុមអ្នកតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានឲ្យដឹងថា វានឹងមិនត្រូវបានរារាំងដោយ ការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។

ការគម្រាមកំហែងនេះកើតឡើងចំពេល មានភាពតានតឹងក្នុងតំបន់កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹក ចំពោះការសម្លាប់នាពេលថ្មីៗនេះរបស់ ប្រធានការិយាល័យនយោបាយហាម៉ាស់ លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ និងមេបញ្ជាការកងទ័ពហេសបូឡាលោក Fouad Shokor ក្នុងទីក្រុងបេរូត ដែលការធ្វើឃាតអ្នកទាំងពីរ បានកើតឡើងនៅចុងខែកក្កដា។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើនឡើងនេះ ទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ខ្លួនប្តេជ្ញាការពារអ៊ីស្រាអែល នៅក្នុងព្រឹត្តិការណ៍នៃជម្លោះដ៏ធំមួយ ហើយកំពុងបញ្ជូន “កងទ័ពបន្ថែមទៀត និងផ្នែករឹងយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា”។

ការតស៊ូរបស់អ៊ីរ៉ាក់បាននឹងកំពុងប្រឆាំងយ៉ាងសកម្ម ចំពោះវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយពីមុនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើគោលដៅ របស់សហរដ្ឋអាមេរិក រួមទាំងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នាពេលថ្មីៗនេះទៅលើមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្នុងខេត្តអានបា ដែលមានកងទ័ពសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top