ព័ត៌មានជាតិ

អនាម័យ បរិស្ថានស្អាត ទាមទារ ឲ្យចូលរួមទាំងអស់គ្នាស្របតាមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

រូបភាព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដើម្បីឲ្យអនាម័យល្អ បរិស្ថានស្អាត ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

ការលើកឡើងបែបនេះ ក្នុងឱកាស អភិបាលរាជធានីភ្នំពេញ និងលោកណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងនិងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) អញ្ជើញជាអធិបតីភាព ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នាថ្ងៃទី២១ សីហា ។

លោក ឃួង ស្រេង បានលើកឡើងថាបរិមាណសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ បានកើនឡេីងជាលំដាប់បើប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្នបានកើនឡើងរហូត៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាម មានប្រមាណជាង១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាម មានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារ កំណើនប្រជាពលរដ្ឋ ចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

លោកបន្តទៀតថា ការទុកដាក់ដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះ ក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួតប្រជែងគ្នា ឃើញថានៅរាជធានីភ្នំពេញ មាន ភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុនដែលធ្វើឲ្យរាជធានីភ្នំពេញ មានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសំអាត ការប្រមូលសំរាម​ នៅរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកម្រិត ជាមួយនឹងការបញ្ចេញសំរាម មិនត្រឹមត្រូវតាមម៉ោងពេលជាដើម។

ជាមួួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា “កម្ពុជាស្អាត ខ្មែរធ្វើបាននេះ ជាកម្មវិធីសំអាតភពដែនដី ការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ”។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឲ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ដែរថា “សុខភាព បរិស្ថានមាន៣គឺ ទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដីនិងទី៣ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននិងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃ របស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយ ពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្ត ធ្វើឲ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការ ប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន៥សែននាក់”។

លោកបណ្ឌិត អ៊ាង សុផល្លែត ជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ៕

To Top