បរទេស៖ គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និង ក្រុមឃ្លាំមើលអន្តរជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាល បណ្តោះអាសន្ន របស់ប្រទេស បង់ក្លាដែស អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយ ធ្វើការដោយគ្មានការ ភ័យខ្លាចចំពោះការវាយប្រហារ និងធានាឱ្យមានការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអ្នកសារព័ត៌មាន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលចលនា តវ៉ាទ្រង់ទ្រាយធំ នៅក្នុងប្រទេសបង់ក្លាដែសដែលបានបណ្តេញអតីតនាយករដ្ឋមន្ត្រី លោកស្រីSheikh Hasina ចេញពីតំណែងកាលពីថ្ងៃទី ៥ ខែសីហា ក៏មានអ្នកកាសែតរាប់សិបនាក់ បានរងរបួស និងយ៉ាងហោចណាស់ ៥ នាក់បានស្លាប់។
អ្នកកាសែតត្រូវបានវាយដំ បង្ខំឱ្យលុបរូបភាពចេញពីកាមេរ៉ារបស់ពួកគេ និងរងការបាញ់ដោយគ្រាប់កាំភ្លើងប៉ូលីស ខណៈពេលដែលរាយការណ៍អំពីភាពចលាចល ដែលបានចាប់ផ្តើម នៅក្នុងខែមិថុនា និងការតវ៉ាកើតឡើង កាន់តែខ្លាំងនៅក្នុងខែកក្កដា ។ អ្នកយកព័ត៌មាននិយាយថា ពួកគេនៅតែទទួលបានការគម្រាមកំហែង ចំពេលមានចលាចលបន្ត រវាងបក្សពួកគាំទ្រ និងប្រឆាំងលោកស្រី Hasina ។
អ្វីដែលបានចាប់ផ្តើមខណៈការប្រមូលផ្តុំប្រឆាំង នឹងសេចក្តីសម្រេច របស់តុលាការ ដែលរក្សាទុកការងាររដ្ឋាភិបាល ៣០ភាគរយ សម្រាប់កូនចៅអតីតយុទ្ធជន នៃសង្រ្គាមឯករាជ្យជាតិបានកើនឡើង ដល់ការទាមទារឱ្យបញ្ចប់អំពើពុករលួយ ការគាបសង្កត់ផ្នែកនយោបាយ និងវិសមភាពសេដ្ឋកិច្ច។
យោងតាមរបាយការណ៍ បឋមរបស់គណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សរាប់រយនាក់ត្រូវ បានសម្លាប់នៅក្នុងការប៉ះ ទង្គិចគ្នារវាងប៉ូលិស និងបាតុករ៕
ប្រែសម្រួលៈ ណៃ តុលា