សៀមរាប ៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងថា ដើម្បីជំរុញការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែទាំងអស់នេះ មិនអាចកាត់ផ្តាច់ បានពីការចូលរួមពីវិស័យឯកជនបានទេ ហើយក្នុងនោះវិស័យឯកជន ត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ ។
លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
នាឱកាសនោះ លោក ថោង ខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះ ទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាព នៃការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះសម្ដេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ ជាអាទិភាពដល់ការស្តារ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍ឡើងវិញ ពិសេសវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប តាមរយៈការដាក់ចេញនូវវិធានការ ដែលជាដំណោះស្រាយ ជាបន្តបន្ទាប់បានយ៉ាងច្រើន ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមនានា ស្របតាមសំណូមពររបស់ផ្នែកឯកជន និងដោយមានក្រសួង ទេសចរណ៍ជាសេនាធិការ ។
ជាមួយគ្នានោះ លោក ថោង ខុន បន្តថា វិស័យឯកជនត្រូវរូតរះពង្រឹងសេវាកម្ម និងគុណភាពផលិតផល របស់ខ្លួនបន្ថែមទៀត ជាពិសេសនោះគឺ ការបន្ទាបតម្លៃ ប៉ុន្តែនេះមិនមែនមានន័យថា បន្ទាប់រហូតដល់ខាតទេ ប៉ុន្តែជាការកាត់បន្ថយពីចំណេញច្រើនមកចំណេញតិច ដែលន័យនេះ លោក ទេសរដ្ឋមន្ត្រីសង្តត់ធ្ងន់ថា ធ្វើយ៉ាងណា ដើម្បីបានរស់សិន ព្រោះអីពិតណាស់ក្រោយវិបត្តិកូវីដ១៩ គេបានប្រាប់ច្បាស់ណាស់ថា ទីផ្សារទេសចរណ៍ តូចចង្អៀត និងការប្រកួតប្រជែងខ្ពស់ ។
លោក សង្កត់ធ្ងន់ទៀតថា កម្ពុជាត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីសម្រេចទិសដៅអនាគត ដែលតម្រូវឱ្យមានការកំណត់មាគ៌ា ដឹកនាំការអភិវឌ្ឍ វិស័យទេសចរណ៍ ដែលគ្រប់គ្រងឱ្យបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការ អភិវឌ្ឍរបស់ខ្លួន។
លោក ន្ថែមថា ឈរលើស្មារតីនេះ ការរៀបចំផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈ របស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទេសចរណ៍ ជា មាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារ បរិស្ថានយ៉ាងមានប្រសិទ្ធភាព ។
សូមរំលឹកថា ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ Pub Street ដើម្បីអាចដឹងពីស្ថានភាពជាក់ស្តែង ក្នុងការជួយឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប អភិវឌ្ឍន៍ឱ្យចំគោលដៅ ដោយសម្តេចធិបតី បានណែនាំដល់ធនាគារជាតិនៃកម្ពុជា ឱ្យរៀបចំសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកដែលចាស់ ឬប្រឡាក់ ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។
ដោយឡែក ក្នុងឱកាសថ្លែងការណ៍ពិសេសស្ដីពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ សម្តេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តជួយសម្រាលបន្ទុកចំណាយ របស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ដោយក្នុងនោះមានវិធានការសំខាន់ៗជាច្រើនត្រូវបានសម្រេចដាក់ចេញ រួមមាន៖ យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” សំដៅជំរុញឱ្យវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប មានសម្ទុះងើបឡើងវិញ, ការលុបចោលគោលការណ៍ ដែលតម្រូវឱ្យភ្ញៀវ ទេសចរអន្តរជាតិ ត្រូវសម្រាកមួយយប់, ការបង់ថ្លៃទិដ្ឋាការ តាមអនឡាញ, ការលើកលែងការពិន័យ អន្តរការណ៍ជាប្រាក់ ចំពោះការហួស សុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ និងអ្នកបកប្រែភាសា បន្តពីមគ្គុទេ្ទសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤, និង ពន្យារ ឬបន្ថែមសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ ទេសចរណ៍ពី ២ឆ្នាំ ទៅ៣ឆ្នាំ ជាដើម ៕