ព័ត៌មានជាតិ

កម្ពុជា ដាក់ដំណើរ ការសាកល្បងនូវ ប្រព័ន្ធកំណត់អត្តសញ្ញាណ សហគ្រាស (e-KYB)

ភ្នំពេញ ៖ លោក បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជាមួយនឹងតំណាង នៃក្រសួង ស្ថាប័នគោលចំនួន ៣ គឺ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ បានប្រកាសដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) នៅ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដោយមានការចូលរួមពីសមាជិកដោយការស្នើសុំរបស់ថ្នាលផ្លាស់ប្ដូរ ទិន្នន័យកម្ពុជា (CamDX) ផងដែរ។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ឱ្យដឹងថា ប្រព័ន្ធ e-KYB គឺជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ, ស្ថានភាព, អនុលោមភាពច្បាប់ របស់ក្រុមហ៊ុន សហគ្រាស ភាពពាក់ព័ន្ធនឹងបុគ្គល ឬ ក្រុមហ៊ុន សហគ្រាសដទៃ និង គ្របដណ្តប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និង ការស្នើសុំសេចក្ដីប្រកាសជូនដំណឹងបើក សហគ្រាស ។

ប្រភពដដែលបន្តថា នាពេលកន្លងទៅ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្ដល់ការគាំទ្រ យ៉ាងពេញទំហឹងលើការងារ អភិវឌ្ឍប្រព័ន្ធe-KYB នេះ នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាល CamDX ដើម្បីលើកទឹកចិត្ត និង បើកផ្លូវឱ្យក្រសួង ស្ថាប័នដទៃ ដែលមាន ទិន្នន័យគោលពាក់ព័ន្ធ ចូលរួមចែករំលែកមកក្នុងថ្នាល CamDX សម្រាប់គាំទ្រដល់ប្រព័ន្ធ e-KYB បន្ថែមទៀត សំដៅធ្វើឱ្យការងារកំណត់ អត្តសញ្ញាណសហគ្រាសឌីជីថល កាន់តែមានភាពសុក្រឹត្យ។

ជាឧត្តមានុវត្តន៍ជាតិថ្មី, ប្រព័ន្ធ e-KYB មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន ឌីជីថល (Electronic Known Your Customer ឬ e-KYC) ដែលវិស័យឯកជនបាន និង កំពុងប្រើប្រាស់កន្លង មក, ពោលប្រព័ន្ធe-KYB នឹងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ជាពិន្ទុ (Scoring Verification) អនុលោមភាពលើ ទិន្នន័យដែលមានស្រាប់ របស់ក្រុមហ៊ុន សហគ្រាស។

ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យ សាធារណៈ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតនៃរាជរដ្ឋាភិបាល ដូចជា ប្រព័ន្ធវិក្កយបត្រ- អេឡិចត្រូនិក (E-invoicing), ប្រព័ន្ធលទ្ធកម្មសាធារណៈ, ប្រព័ន្ធដាក់ពិន្ទុឥណទានទៅលើសហគ្រាស ជាដើម ហើយវិស័យឯកជន ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគារ និង ក្រុមហ៊ុនធានារ៉ាប់រង ជាដើម អាចធ្វើការងារ ប្រទាក់ក្រឡាជាមួយគ្នា និង ជាមួយវិស័យសាធារណៈបាន ឱ្យទៅជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេ- កូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តាមរយៈថ្នាល CamDX ។

ជានីតិវិធីនៅក្នុងដំណាក់កាលសាកល្បងនេះ ដើម្បីប្រើប្រាស់ e-KYB APIs, ស្ថាប័នឯកជនដែលបាន ចូលជាសមាជិកនៃថ្នាល CamDX ត្រូវស្នើសុំបន្ថែមការប្រើប្រាស់ e-KYB APIs មកកាន់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ដែលជាប្រតិបត្តិករនៃថ្នាល CamDX តាមរយៈប្រព័ន្ធដាក់ពាក្យស្នើសុំចូលជាសមាជិកថ្នាល CamDX។ រីឯ ស្ថាប័នឯកជនដែលមិនមែនជាសមាជិកនៃថ្នាល CamDX និង មានបំណងប្រើប្រាស់ប្រព័ន្ធ e-KYB ត្រូវចូលជាសមាជិកនៃថ្នាល CamDX ជាមុនសិន ទើបទទួលបានការអនុញ្ញាតលើការប្រើប្រាស់ e-KYB APIs ។

គួរបញ្ជាក់ថា លក្ខណៈពិសេសរបស់ប្រព័ន្ធ e-KYB រួមមាន ៖
ការផ្ទៀងផ្ទាត់បែបឌីជីថល ប្រកបដោយទំនុកចិត្ត និង សុវត្ថិភាព ដោយទិន្នន័យរបស់សហគ្រាស ត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោល (Base Registry) នៃក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ការកំណត់អត្តសញ្ញាណសហគ្រាស ក្នុងទម្រង់អេឡិចត្រូនិក ជាមួយនឹងយន្តការផ្ទៀងផ្ទាត់ស្វ័យប្រវត្តិ និង រហ័សយន្តការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ តាមរយៈការផ្លាស់ប្ដូរទិន្នន័យរវាងគ្នា និង គ្នា ការចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងការប្រើប្រាស់ទិន្នន័យគោល ប្រកបដោយប្រសិទ្ធភាព និង មាននិរន្តរភាពជាងមុន។

សមិទ្ធផលរួមនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការចូលរួមសហការយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល រួមនឹងការផ្ដល់មតិយោបល់ដើម្បីស្ថាបនាពីវិស័យឯកជន ជាពិសេស ក្រោមការគាំទ្រយ៉ាងមុតមាំ និង មគ្គុទេសក៍ដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាមួយនឹងការបន្តយកចិត្តទុកដាក់ និង ជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា៕

To Top