ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ ច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវគោលនយោបាយច្បាស់លាស់ ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ យ៉ាងសមរម្យ និងទៀងទាត់ ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា ។

លោករដ្ឋលេខាធិការបន្ថែមថា ការគិតគូរលើកកម្ពស់ជីវភាព របស់កម្មករនិយោជិតនេះ គឺជាគោលនយោបាយមួយយ៉ាងសំខាន់ និងចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ពោលការដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត នៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា បានចាប់ផ្តើម តាំងតែពីមានប្រាក់ឈ្នួលប្រចាំខែចំនួន ៤០ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់ ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤ ។

លោករដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើសិនយើងមើលទៅលើស្ថានភាព សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ដែលកំពុងមានភាពផុយស្រួយនេះ ប្រាក់ឈ្នួល អប្បបរមា សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ នៅក្នុងប្រទេសមួយចំនួន ពុំត្រូវបាន ដំឡើងបន្ថែមនោះទេ ។ ជាក់ស្តែង នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមានៅទាបជាង ១០០ដុល្លារ ខណៈប្រទេស បង់ក្លាដេស និងប៉ាគីស្ថាន មានប្រាក់ឈ្នួលអប្បបរមា ទាបជាង១២០ដុល្លារ រីឯប្រទេសវៀតណាម និង ឥណ្ឌា មានចំនួនចន្លោះពី ១៤០ដុល្លារ ទៅ ២០៤ដុល្លារ អាស្រ័យតាមតំបន់ ។ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាល នៅតែសម្រេចបានការបង្កើន ប្រាក់ឈ្នួលអប្បរមា ជូនកម្មករនិយោជិត ឡើងដល់២០៤ដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងបន្តកិច្ចប្រជុំត្រីភាគី ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។

ជាការកត់សំគាល់ លោករដ្ឋលេខាធិការបានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ បងប្អូនកម្មករនិយោជិត កំពុងទទួលបានប្រាក់ឈ្នួលលើសពី ២១៧ដុល្លារក្នុងមួយខែ ដោយរួមបញ្ចូលទាំងប្រាក់ខែគោល រួមនិងអត្ថប្រយោជន៍ជាច្រើនទៀត ដែលផ្តល់ដោយភាគីនិយោជក ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ , ប្រាក់ថ្លៃបាយ, ហើយប្រសិនបើបូកបន្ថែម ប្រាក់ឈ្នួលបន្ថែមម៉ោងទៀត នោះ កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពី អត្ថប្រយោជន៍ផ្សេងៗទៀត ពី ប.ស.ស.។ ជាក់ស្តែង ភាគីនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួន បានផ្តល់ប្រាក់អត្ថប្រយោជន៍ លើសពីគោលការណ៍ កំណត់ទៅទៀត ។

ទន្ទឹមនឹងការខិតខំ ដំឡើង​ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទាំងនេះ លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាង ណាកាត់បន្ថយ បន្ទុកចំណាយរបស់បងប្អូនកម្មករ និយោជិតជាបន្តបន្ទាប់ ដូចជា បានពង្រីកវិសាលភាព បេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ភាគទានជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និង ជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកា បានប្រមាណជា ៦ដុល្លារ ក្នុង១ខែនិង អាចរក្សាបាននូវសន្តិសុខ​ចំណូល និងកាត់បន្ថយហានិភ័យនានា ទាំងនៅក្នុងអំឡុង ពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍ ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ចំពោះបងប្អូន​កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ទទួលបានការយកចិត្តទុកដាក់ តាមរយៈប្រព័ន្ធ​គាំពារសង្គមចាប់ តាំងពីមានផ្ទៃពោះ ពេលសម្រាលកូន រហូតកូនមានអាយុក្រោម ២ឆ្នាំ ដោយក្នុងនោះ គឺទទួលបានការពិនិត្យ ផ្ទៃពោះ មុនពេលសម្រាលចំនួន ៤លើក ការចាក់វ៉ាក់សាំងនិងពិនិត្យសុខភាព ក្រោយពេលសម្រាលកូនចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ។ ចំណែកនៅពេលសម្រាល​កូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនម្នាក់, ១លាន ២សែនរៀល សម្រាប់កូនភ្លោះពីរនាក់, និងសម្រាប់កូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ៦សែនរៀល រួមនិងទទួលបានថវិកា ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀលពី សម្តេចតេជោ​ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ទន្ទឹមនេះ បងប្អូនកម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាក លំហែរមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស. ។

លោករដ្ឋលេខាធិការ ជឿជាក់ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥​ ជូនដល់បង ប្អូនកម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងសម្រេចបាននូវតួលេខ ដ៏សមស្របបំផុត ដោយឈរលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជាពិសេសផ្អែកទៅលើភាពចាស់ទុំ និងប្រកប ដោយវិជ្ជាជីវៈរបស់តំណាងត្រីភាគី គឺតំណាងភាគីកម្មករ និយោជិត តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការសម្របសម្រួល ៕

To Top