ព័ត៌មានអន្តរជាតិ

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូ នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិ សម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ដែលត្រូវបានដាក់ចេញ ដោយឯកឧត្តម ស៊ី ជីនពីន កាលពីឆ្នាំ២០១៣ និងទទួលការ ស្វាគមន៍ យ៉ាងកក់ក្តៅ ពីប្រទេសសមាជិក ជាង ១៤០ បានក្លាយទៅជាកម្លាំង បរិវត្តកម្មមួយដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ ការអភិវឌ្ឍប្រកប ដោយបរិយាបន្ន និងចរីភាព ។ ក្នុងរយៈពេលជាងមួយទស្សវត្សរិ៍នេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បាននាំមកនូវប្រយោជន៍ជាក់ស្តែង ជាច្រើនដល់តំបន់ និង ពិភពលោក តាមរយៈការផ្តល់ ហិរញ្ញប្បទាន សម្រាប់គម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្ម ដែលទាំងអស់នេះ សុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ហើយសង្ឃឹមក្នុងន័យនេះ គឺសំដៅលើក្តីសង្ឃឹម ក្នុងការជំរុញខឿនសេដ្ឋកិច្ច។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំ ដែលបានបង្កការរាំងស្ទះដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម ។ ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយ ឱនភាពថវិការ និងអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធធំៗ ។

ការពិតមួយក្នុងចំណោម ការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយ ធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍអាចបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផល របស់ខ្លួនទៅក្នុងតំបន់ និង ពិភពលោក ។ តួយ៉ាង គម្រោងអភិវឌ្ឍន៍ច្រករបៀង សេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និងប៉ាគីស្ថានឱ្យកាន់តែខិតជិតគ្នា និងបានបង្កើនសកម្មភាពសេដ្ឋកិច្ច យ៉ាងផុសផុលក្នុងតំបន់ ។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិន មកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ និងថៃ កំពុងដំណើរការដោយរលូន ខណៈគម្រោងផ្លូវល្បឿន ភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung បានបញ្ចប់ការសាងសង់ដោយជោគជ័យ។ គម្រោងទាំងនេះមិនមែនជាគម្រោងតំណាង មានតែលើក្រដាសទេ ប៉ុន្តែគឺជាគម្រោងជាក់ស្តែង ដែលលេចចេញជារូបរាង ឡើង និងបានជំរុញដល់ការបង្កើនការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
ទោះបីជាមានការលាបពណ៍ និងការវិភាគដោយ ពុំមានភាពយុត្តិធម៌ ពី សំណាក់ប្រទេសមួយចំនួនក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ ខណៈឈានចូលអាយុកាល ១១ ឆ្នាំ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុងយុគសម័យថ្មីនេះ គោលគំនិតនៃការអភិវឌ្ឍបៃតង និងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ត្រូវបានដាក់បញ្ចូល នៅក្នុងការ អនុវត្តគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីធានា ឱ្យបាននូវការ អភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាបន សម្រាប់តំបន់ និងពិភពលោក ។

សរុបមក ទោះបីស្ថានការណ៍ពិភពលោក មានការប្រែប្រួល យ៉ាងណាក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ នៅតែជាគម្រោង នៃកិច្ចសហប្រតិបត្តិការ លេចធ្លោជាងគេមួយក្នុង ពិភពលោក ដែលអាចចាត់ទុកថាជា គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល អភិវឌ្ឍន៍កម្ពុជា

To Top