ព័ត៌មានជាតិ

ឧត្តមសេនីយ៍​ឯក​ ម៉ឹង ពន្លក បទបញ្ជាឱ្យគ្រប់អង្គភាពចំណុះ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ត្រៀមកម្លាំងនិងឧបករណ៍ សម្រាប់ជួយសង្គ្រោះទឹកជំនន់

ភ្នំពេញ៖ ឧត្តមសេនីយ៍​ឯក​ ម៉ឹង ពន្លក បានដាក់បទបញ្ជាឱ្យគ្រប់អង្គភាព ចំណុះអគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ជាពិសេសកងទ័ពនៃកងពលតូចដឹកជញ្ជូនលេខ ៩៩ត្រៀមកម្លាំង  និងឧបករណ៍សម្រាប់ជួយសង្គ្រោះទឹកជំនន់ ក្រោយពីមានករណីជំនន់ទឹកភ្លៀងកើតមានឡើងនៅតាមបណ្តាប្រទេសជិតខាង និងស្របពេលដែលមានខេត្តមួយចំនួនរបស់កម្ពុជាក៏កំពុងរងនូវផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដោយសារការជះឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ។

ការដាក់បទបញ្ជានេះ  ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ របស់ក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ។

តាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្ដាល ប្រទេសវៀតណាម និងភាគកណ្ដាលនៃអាងទន្លេមេគង្គ។

ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក្រ កម្ពុជា ហើយលក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ តំបន់វាលទំនាប នឹងមាន ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមាន ខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យម ដែលរួមមានដូចជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល និងរាជធានីភ្នំពេញ

តំបន់ខ្ពង់រាបនឹងធ្វើឱ្យ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមាន ខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនបង្គួរ ដែលរួមមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតន់គិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។
ចំណែកតំបន់មាត់សមុទ្រវិញ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែល រួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បាន ជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូន សាធារណជនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

To Top