ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារ កម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kosuke Okada ប្រធានប្រតិភូនាថ្ងៃ១៩ កញ្ញា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង។

លោកបន្តថា ការស្នើនេះដើម្បីស្របតាមផែនការ យុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ ក៏ដូចជារួមចំណែកជួយដល់ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ក្រសួងសុខាភិបាល កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការ គ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារ កម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន ដែលបានរួមគ្នាធ្វើការចុះអង្កេតស្រាវជ្រាវ ប្រេវ៉ាឡង់ជំងឺបេងលើកទី៣នៅកម្ពុជា ដោយសហការជាមួយមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងផ្នែកពាក់ព័ន្ធនាពេល១ឆ្នាំកន្លងមក។

សាស្ត្រាចារ្យរដ្ឋមន្ត្រីបញ្ជាក់ថា ការស្រាវជ្រាវប្រេវ៉ាឡង់នៃជំងឺរបេង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីប៉ាន់ស្មានអត្រាប្រេវ៉ាឡង់ នៃជំងឺរបេងសួតវិជ្ជមានបាក់តេរី (PTB) ក្នុងចំណោមប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅក្នុងឆ្នាំ២០២៣។ ព្រមទាំងវាយតម្លៃនិន្នាការនៃអត្រា ប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមាន (PTB) ដោយប្រៀបធៀបជាមួយនឹងលទ្ធផល នៃការស្រាវជ្រាវពីមុនក្នុងឆ្នាំ២០០២ និង២០១១ ។ ក្នុងនោះរួមចំណែកក្នុងការ ប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតថ្មីនៃជំងឺរបេងនៅទូទាំងប្រទេស និងអត្រាមរណៈភាពបណ្តាលមកពីជំងឺរបេងគ្រប់វ័យ។

ចំពោះលោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានលើកឡើងថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវ អត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញពីមានការថយចុះ គួរឲ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល ១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល ៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងអំឡុងពេលកន្លងមកនេះ។

លោកថា ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេង ថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈនៅកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើង នៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែល នៅសេសសល់ទាំងនេះ។

លោកវេជ្ជបណ្ឌិត Ikushi Onozaki បញ្ជាក់បន្ថែមថា អង្គការសុខភាពពិភពលោកនឹងប្រើប្រាស់ លទ្ធផលដែលបានមកពីការស្រាវជ្រាវ អត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ របស់កម្ពុជា ដើម្បីប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតជំងឺរបេង និងអត្រាស្លាប់។ ដោយផ្អែកលើទិន្នន័យអត្រាប្រេវ៉ាឡង់នេះ រំពឹងថាការ ប៉ាន់ប្រមាណអត្រាឈឺ នឹងមានការថយចុះខ្លាំងជាងការប៉ាន់ស្មានបច្ចុប្បន្ន។

ការប៉ាន់ស្មានចុងក្រោយ នឹងមានផ្សព្វផ្សាយជាសាធារណៈ នៅក្នុងរបាយការណ៍ជំងឺរបេង សកលរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ (បោះពុម្ពនៅខែតុលា ឆ្នាំ២០២៥)។ របាយការណ៍ថ្មីនៃជំងឺរបេងសកលប្រចាំឆ្នាំ២០២៤ របស់អង្គការសុខភាពពិភពលោក នឹងត្រូវបានបោះពុម្ពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗនេះ៕

To Top