ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្នុងនាមប្រធានកិត្តិយស នៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវ ដល់សប្បុរសជននានា បន្តចូលរួមគាំទ្រសមាគម តាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាព ពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ។
ការអំពាវនាវរបស់លោក រដ្ឋមន្ត្រីខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីលោក បានមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុក នៅទីស្នាក់ការសមាគម ក្នុងខេត្តរតនគិរី នាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ។
លោក នេត្រ ភក្ត្រា បានសម្តែងក្តីសប្បាយរីករាយ បន្ទាប់ពីបានឃេីញការរីកលូតលាស់ នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ ហេីយបានថ្លែងអំណរគុណ ដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកា ក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។
យោងតាមលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្ពុជា មានដំរីស្រុកប្រមាណជាង ៧០ក្បាល ដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅ ក្នុងព្រៃធម្មជាតិកម្ពុជា នៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះ បានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ ដោយទទួលកូនដំរីមួយក្បាល ឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មី សម្រាប់ការងារអភិរក្សដំរីស្រុក។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននិងកំពុងថែរក្សា និងអភិរក្សដំរីស្រុកចំនួន ៤ ក្បាលក្នុងនោះឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ”។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា លោកបានអំពាវនាវ ដល់សប្បុរសជននានា បន្តចូលរួមគាំទ្រសមាគម តាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាព ពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន ជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុក នៅក្នុងប្រទេសកម្ពុជា បានគង់វង្ស។
ក្នុងនោះ លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា “ការចូលរួមពីគ្រប់ភាគី ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា គឺជាចំណែកមួយយ៉ាងសំខាន់ នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ”។
លោក នេត្រ ភក្ត្រា លេីកឡេីងទៀតថា “ខ្ញុំសូមលើកទឹកចិត្ត ដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកម្រ ទាក់ទងនឹងសត្វដំរី ក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយ ទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅ ពីសារៈសំខាន់ របស់សត្វដំរី ក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាន នៃការស្រឡាញ់ និងអភិរក្សសត្វព្រៃ ពីប្រជាជនកម្ពុជា គឺមានចំនួនកាន់តែច្រើនឡើង”៕