ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក នឹងបន្តសហប្រតិបត្តិការ ដើម្បីរួមចំណែកសម្រេចបាន នូវចក្ខុវិស័យរបស់កម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៩ តុលា នៅរដ្ឋធានីវៀងចន្ទន៍ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឱ្យដឹងថា ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែក ដល់ការសម្រេចបាន នូវចក្ខុវិស័យរបស់កម្ពុជា ។

ក្នុងឱកាសនៃជំនួប, លោកស្រី អនុប្រធាន ធនាគារពិភពលោក បានសម្ដែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះ នៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេច បានចក្ខុវិស័យវែងឆ្ងាយ ។ លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ធនាគារពិភពលោក គ្រោយនឹងអនុម័ត ក្របខ័ណ្ឌភាពជាដៃគូ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការសម្រេច បានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព របស់កម្ពុជានាពេលអនាគត ។

នៅចំពោះមុខ នៃភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រី បានលើកឡើងថា បណ្ដាប្រទេសនៅ ក្នុងតំបន់គួរតែពង្រឹង នូវឯករាជ្យភាព របស់ខ្លួន ដោយត្រូវកំណត់ ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើន សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងភាពធន់ ។ ជាមួយគ្នានោះ លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការ សម្រេចបាននូវ ចក្ខុវិស័យរបស់កម្ពុជា ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាព នៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុក ដាក់លើការងារអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម ដែលទាំងនេះ ជាអាទិភាពចម្បង ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សម្ដេចបវរធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាបាន និងកំពុងសិក្សា អំពីអភិក្រម នៃការពិនិត្យតាមដានថា តើមានយុវជន កម្ពុជា ប៉ុន្មានភាគរយ ដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និង ថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មាន ភាគរយ ដែលគួរសិក្សា ជំនាញវិជ្ជាជីវៈ ដោយ សម្ដេចបវរធិបតីបាន គូសបញ្ជាក់ពីសារៈសំខាន់ នៃការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និងបានពង្រឹងវិស័យអាទិភាព នានាឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យក្លាយជាជន្ទល់ ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ ៕

To Top