ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ឲ្យគិតគូរអំពីស្តុកស្រូវ ដើម្បីធានាពីសន្តិសុខស្បៀងសម្រាប់កម្ពុជា។
ការណែនាំនេះធ្វើឡើងនៅថ្ងៃទី១០ តុលា ក្នុងឱកាស លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំរវាងធនាគារ ARDB និងម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ជាប្រចាំដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)
កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងជាប្រធានក្រុមហ៊ុន អេមរុរ៉ាយស៍, ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារស្រូវកម្ពុជា និងក្រុមហ៊ុន បៃតង កម្ពុជា, លោក លន់ យ៉េន អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះដែរធ្វើឡើង ដើម្បីចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ។ បណ្ឌិត កៅ ថាច បាន បានគូសរំលេច និងបញ្ជាក់ថា ថ្មីៗនេះ មានព័ត៌មានជាច្រើនតាមបណ្តាញសង្គម បានចែកចាយអំពីតំលៃស្រូវធ្លាក់ចុះ កសិករលក់ស្រូវមិនចំណេញជាដើម-ល-។ ប៉ុន្តែតាមការចុះជាក់ស្តែងតាម រោងម៉ាស៊ីនជុំវិញបឹងទន្លេសាប ការទិញស្រូវនៅតាមរោងម៉ាស៊ីន គឺសមរម្យ ហើយអាចឱ្យកសិករនៅរក្សាប្រាក់ចំណេញបាន មិនដូចការលើកឡើងតាម ព័ត៌មានតាមបណ្តាញសង្គមនោះទេ។ ដោយឡែកម្ចាស់រោងម៉ាស៊ីន ក៏បានបង្ហាញឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ និងធានាស្ថេរភាពថ្លៃស្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានធនាគារ ARDB ជាតួអង្គប្រតិបត្តិករ។
លោកបណ្ឌិត បានបន្តលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីន ក្នុងករណីមានតម្រូវការហិរញ្ញប្បទាន បន្ថែមសម្រាប់ការទិញស្រូវ អាចទំនាក់ទំនងមកធនាគារ ARDB ដោយទទួលបានអត្រាការប្រាក់អនុគ្រោះ។ បណ្ឌិត កៅ ថាច ក៏បានស្នើសុំទៅកាន់ម្ចាស់រោងម៉ាស៊ីនទាំងអស់ ធ្វើការចែករំលែកអំពីព័ត៌មាន ទីផ្សារស្រូវអង្ករលើទីផ្សារក្នុងស្រុក និងនៅបរទេស ជាពិសេសពិភាក្សាអំពីស្ថានភាព នៃការវិវឌ្ឍន៍តំលៃអង្ករនៅលើទីផ្សារអន្តរជាតិ ជូនដល់អង្គប្រជុំជ្រាប និងបានត្រៀមខ្លួន។
កិច្ចប្រជុំនេះបានធ្វើការ ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន អំពីតំលៃស្រូវនៅកម្ពុជា ធៀបនឹងតំលៃនៅលើទីផ្សារបរទេស និងព្យាករណ៍អំពីបញ្ហាប្រឈមនានារបស់ រោងម៉ាស៊ីនកិនស្រូវនៅពេលអនាគត។ ជាពិសេសការត្រៀមប្រមូលស្រូវវស្សា (រំដួល-ម្លិះ) នៅខែ វិច្ឆិកា និងខែធ្នូ ខាងមុខនេះ។
អំពីតំលៃអគ្គិសនី, លោកបណ្ឌិត បានស្នើសុំទៅកាន់ សហព័ន្ធស្រូវអង្ករ (CRF) ធ្វើការជូនដំណឹង អំពីការចុះថ្លៃពិសេសសម្រាប់រោងម៉ាស៊ីនកិនស្រូវ ទៅសមាជិកទាំងអស់អោយបានជ្រាប។ បន្ថែមលើនេះ អង្គប្រជុំបានបន្ត ពិភាក្សាលើបញ្ហាប្រឈមនានា ក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ, និងលើកដំដោះស្រាយដើម្បីកែលម្អ។
ជាមួយគ្នានោះលោកបណ្ឌិត បានលើកទឹកចិត្ត និងស្នើសុំ ដល់ម្ចាស់រោងម៉ាស៊ីន កិនស្រូវទាំងអស់ បន្តពង្រឹងសាមគ្គីភាព សាមគ្គីគ្នា ដើម្បីលើស្ទួយវិស័យស្រូវអង្កររបស់កម្ពុជា ឱ្យមានការរីកចំរើន ដើម្បីសម្រេចគោលដៅនៃ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស។ ក្នុងឱកាសនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា លើបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ក៏ដូចជាដាក់ចេញជាដំណោះស្រាយផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាកិច្ចប្រជុំ ធ្វើឡើងរវាងធនាគារ ARDB និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងតំបន់ បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ជាប្រចាំដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ៕