ព័ត៌មានជាតិ

លោក សយ សុភាព ស្នើក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ រួមសហការជាមួយភាគីចិន ពង្រីកគោលដៅទេសចរណ៍ភ្នំគូលែន ឱ្យកាន់តែមានសក្ដានុពល

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានស្នើដល់ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ រួមសហការជាមួយភាគីចិន ដែលមានមន្ទីរវប្បធម៍និងទេសចរណ៍ខេត្តហីឡុងជាំង ពិចារណារៀបចំពង្រីកគោលដៅទេសចរណ៍ ទៅកាន់តំបន់ភ្នំគូលែន ឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត។

ការស្នើនេះ ធ្វើឡើងក្នុងវេទិកាផ្លាស់ប្តូរទេសចរណ៍តំបន់ព្រិលទឹកកក ខេត្តហីឡុងជាំង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំ ដោយមន្ទីរវប្បធម៍និងទេសចរណ៍ខេត្តហីឡុងជាំង សហការជាមួយក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

លោក សយ សុភាព លើកជាអំណេះអំណាងថា ភ្នំគូលែន មិនត្រឹមតែមានសក្ដានុពលផ្នែកទេសចរណ៍ប៉ុណ្ណោះទេ តែភ្នំនេះស្ថិតក្នុងប្រវត្តិសាស្រ្តកម្ពុជា តាំងពីសម័យអង្គរ ដែលព្រះមហាក្សត្រខ្មែរ ប្រកាសឯករាជ្យក្នុងឆ្នាំ​៨០២ ទៅជាអាណាចក្រអង្គរ និងជាប្រភពទឹកដ៏ត្រជាក់ត្រជុំ ហូរធ្លាក់ដល់បឹងទន្លេសាប សម្រាប់ចិញ្ជឹមមច្ឆាជាតិ និងផ្គត់ផ្គង់ដល់ប្រជាកសិករ បង្ករបង្កើនផលដំណាំផងដែរ។

ភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត​ ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ ទីតាំងនេះជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្ស មុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។

ភ្នំគូលែនគឺជាជួរភ្នំមួយដែលស្ថិតក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើង និងកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ដោយមានផ្ទៃសរុបចំនួន៣៧៥០០ហិចតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបីមាន ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗមិនត្រឹមតែមានទួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិដ៍សម្បូរបែបមានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្រ្ត និងស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។ កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិ តាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតីទី២ បន្ទាប់ពីឧទ្យានជាតិទី១តំបន់អង្គរ ត្រូវបានការពារនិងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥៕

To Top