ភ្នំពេញ៖ ទាក់ទិននឹងបញ្ហាការ អភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាគោលការណ៍ កំណត់ឱ្យក្រុមហ៊ុនផ្លូវដែក របស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណា បញ្ចប់កិច្ចចរចា និងចុះMOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចធិបតី នឹងដកសិទ្ធិពីក្រុមហ៊ុន ។
ក្នុងព្រឹត្តិការណ៍អបអរសាទរ ខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួង ពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “ផ្លូវដែកឥឡូវយើងមានមួយចំហៀង ពីជើងទៅត្បូង ដែលត្រូវធ្វើម៉េចចរចា ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីចរចាគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ” ។
ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “យើងមិនអាចទុកតទៅទៀតទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាព រឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើត ដើម្បីភ្ជាប់ ព្រោះវាជួយច្រើន នៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ អីចឹងសូមអ្នកឧកញ៉ា គិត ម៉េង ហើយខាងឯកឧត្តម ប៉េង ពោធិ៍នា ធ្វើម៉េចចរចាឱ្យចប់ MOU រឿងផ្លូវដែកហ្នឹង ឱ្យចប់ត្រឹមដាច់ឆ្នាំនេះ ដើម្បីយើងចាប់ផ្តើមធ្វើការងារពង្រឹង” ។
សម្តេច បាននិយាយច្បាស់ៗថា “តែចរចាអត់ចប់ ខ្ញុំដកហើយ ចប់មិនល្អឥតខ្ចោះឱ្យតែវាដើរ ចាប់ផ្តើមធ្វើដំណើរទៅ ហើយចាំយើងពង្រឹងទៀត ជាគោលការណ៍ អីចឹងទាំងក្រុមហ៊ុន ទាំងក្រសួង ឃើញបានជជែកហើយ មានឆន្ទៈក្នុងការធ្វើ មិនបាច់យកល្អឥតខ្ចោះនោះទេ យកអ្វីដែលអាចដើរបាន MOU ចាំជជែកគ្នា ពេលក្រោយលម្អិតប៉ុណ្ណា ប៉ុន្តែធ្វើម៉េចឱ្យមាន ជាឯកភាពជាគោលការណ៍ អាចដំណើរការចាប់ផ្តើម Upgrade ឬជួសជុលម៉េចបាន” ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “ថវិកា យើងមានមួយចំនួន សម្រាប់សិក្សាផ្លូវដែក ប៉ុន្តែយើងចរចា ឱ្យហើយ ចាំដាក់ទៅបើមិនអីចឹងយើងចាយលុយឥតប្រយោជន៍ លើកមុនយើងមាន៣០០លានយ័ន សម្រាប់ត្រៀម ដែលចិនបានផ្តល់ឱ្យជំនួយឥតសំណង សម្រាប់ផ្លូវដែកនេះឯង ប៉ុន្តែដោយសារយើង ចរចាមិនទាន់បាន អីចឹងរៀបអាហ្នឹងមួយ ដើម្បី Upgrade ធ្វើម៉េចអាជើងត្បូងរបស់យើងនឹងកាន់តែប្រសើរ” ៕