ព័ត៌មានជាតិ

សម្តេចធិបតី រៀបចំអបអរខួបកំណើត ដោយធ្វើម្ហូបអាហារ ជួបជុំលោកតាលោកយាយ និងក្មេងៗ នៅអង្គការCCF និងPSE

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល​ ជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារ (CCF) និងអង្គការ ដើម្បីភាពញញឹមនៃកុមារ (PSE) ដែលការអញ្ជើញនេះ ត្រូវបានលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទម្លាយថា ជាការអបអរគម្រប់ខួបកំណើត​ របស់សម្តេចធិបតី ដែលទម្លាប់រៀងរាល់ឆ្នាំ តែងតែធ្វើបាយទឹក ជូនដល់ក្មេងៗកុមារកំព្រារ ឬទៅវត្តអារាម ។

នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក្រៅផ្លូវការ របស់សម្តេចធិបតី នាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា កម្មវិធីសម្រាប់ថ្ងៃនេះ មិនត្រឹមតែជាពិធីសំណេះសំណាល តែមួយមុខនោះទេ តែគាប់ជួននៅ ថ្ងៃអាទិត្យទី២០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ក៏ត្រូវជាថ្ងៃខួបសំណើត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ទើបបានជាថ្ងៃនេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច បានអញ្ជើញមកដល់អង្គការ CCF ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា “ដោយសារថា បងម៉ាណែត (សម្តេចធិបតី) នឹងមានខួបកំណើតរប​ស់ប៉ាណែត គឺនៅក្នុងថ្ងៃទី២០ ខែ១០ ថ្ងៃអាទិត្យនេះ ។ ជារៀងរាល់ឆ្នាំ មិនដែលធ្វើ Birthday (ថ្ងៃកំណើត) ទេ និយាយទៅ គឺមិនដែលធ្វើ Birthday ទេ បើកូនៗខ្ញុំវិញច្រើនណាស់ កាត់តែនំ ទិញតែនំខេកមួយ អោយផ្លុំនៅផ្ទះ ទៅបានហើយ នឹងជាទម្លាប់នៅក្នុងគ្រួសារ ហើយបើថ្ងៃ Birthday បងម៉ាណែត ជារៀងរាល់ឆ្នាំ បើមិនមែនទៅកន្លែង ធ្វើបាយទឹកជូនដល់ក្មេងៗ កុមារកំព្រារទេ ក៏ទៅវត្តដែរ ប៉ុន្តែឆ្នាំនេះ គឺបងណែត គាត់ថា ចង់ធ្វើបាយទឹកជូន ចង់ជួប​ដល់ក្មួយៗ លោកតា លោកយាយ ចឹងក៏គាត់មានប្រសាសន៍ថា ចឹងរៀបចំកន្លែងណា ចឹងនាងខ្ញុំនឹកឃើញដល់ CCF ហើយនិង PSE នេះជាពិសេស ចង់ឱ្យបងណែត មកជួបដល់លោកតាលោកយាយ នៅ CCF នេះ ដោយសារតែរាល់ដង លោកតាលោកយាយ ជួបតែចៅស្រី មិនដែលបានជួបចៅប្រុសសោះ ចឹងថ្ងៃនេះនាំចៅប្រុសមកជួប” ។

នៅក្នុងបរិយាកាសដ៏សប្បាយរីករាយ និងមានភាពស្និទស្នាលប្រៀបបានគ្រួសារតែមួយនេះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា “ទាំង CCF ទាំង PSE ថ្ងៃនេះ ក៏បានជួបគ្នា តាមពិតដូចគ្រួសារខ្ញុំគាត់លើក គឺខួបថ្ងៃ២០ឯណោះ តាមពិតចង់ធ្វើថ្ងៃ២០ តែដល់ថ្ងៃ២០នេះ ខ្ញុំជាប់នៅឥណ្ឌូនេស៊ី ដើម្បីចូលរួមអបអរសាទរ ប្រធានាធិបតីថ្មី ឡើងកាន់តំណែង ចឹងមកអត់ទាន់ ចឹងក៏មកធ្វើចំថ្ងៃនេះតែម្តង” ។

សម្តេចធិបតី បន្ថែមថា “ការលះបង់របស់អង្គការ CCF និង PSE ដែលបានខិតខំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ក៏បានផ្តល់ផលច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ជួយច្រើនដល់រាជរដ្ឋាភិបាល សម្តេចតេជោ លោកតែងតែគាំទ្រ ទៅដល់ សកម្មភាពនេះ ឥឡូវលោកទាំងពីរជាខ្មែរ (ប្រធានអង្គការទាំងពីរ) រួចទៅហើយ ចឹងយើងខ្មែរទាំងអស់គ្នានៅទីនេះ” ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី និងលោកជំទាវ ក៏បានសម្រេចផ្តល់ដំណើរកម្សាន្ត ជូនដល់លោកតាលោកយាយ ទៅកាន់ភ្នំគូលេន ខេត្តសៀមរាប តបតាមការស្នើសុំ របស់លោកតា លោកយាយ ដែលនឹងគ្រោងប្រព្រឹត្តិ ទៅក្រោយព្រះរាជពិធីបុណ្យអុំទូកតែម្តង៕

To Top